តាកែវ ៖ ប្រធានសហគមន៍នេសាទឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ត្រូវបានប្រជាពលរដ្ឋក្នុងតំបន់នោះរិះគន់ និងចោទប្រកាន់ថា បានលក់ដែនជម្រកត្រីអភិរក្ស និងបានចាប់ប្រជាពលរដ្ឋឃុំខ្លួនខុសទៅនឹងនីតិវិធីហើយបង្ខំទារប្រាក់ ដោយគ្រាន់តែការធ្វើនេសាទជាលក្ខណះប៉ុណ្ណោះ។
ក្រុមប្រជានេសាទលក្ខណៈគ្រួសារក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ បានអះអាងថា លោក តុប មឿន ដែលត្រូវប្រជាពលរដ្ឋបោះឆ្នោតឲ្យធ្វើជាប្រធានសហគមន៍នេសាទឃុំព្រែកផ្ទោល ខណៈដែលខ្លួនបានកាន់តំណែងនេះហើយបាននឹងកំពុងយកអំណាចរបស់ខ្លួនធ្វើបាបប្រជាពលរដ្ឋវិញដោយគ្មានត្រាប្រណីឡើយ។
ប្រជាពលរដ្ឋបន្ដថា សហគមន៍នោះបានត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរដែនដី ពិសេសជំនាញជលផលបានឃុបឃិតគ្នាលក់បឹង ព្រែក អូរ មួយចំនួនដែលស្ថិតនៅក្នុងតំបន់អភិរក្សដែលពួកខ្លួនបានគ្រប់គ្រងនោះឲ្យទៅឈ្មួញធ្វើការនេសាទត្រីដោយឧបករណ៍ល្មើសច្បាប់យ៉ាងអនាធិបតេយ្យបំផុត។
សហគមន៍ព្រែកផ្ទោលដែលគ្រប់គ្រងដោយឈ្មោះ តុប មឿន នេះបានលក់បឹងបួរមួយចំនួនឲ្យទៅឈ្មោះ អា ប៉ូវ ជនជាតិវៀតណាម និងឈ្មោះ ជា លងជា អនុប្រធានសហគមន៍បានដាក់របាំងព្រួលរាប់ពាន់ម៉ែត្រកាត់ពេញផ្ទៃបឹងបួរបង្កការលំបាកដល់ពលរដ្ឋធ្វើចរាចរណ៍ផ្លូវទឹក ដោយទូក កាណូត ទៅធ្វើស្រូវប្រាំង ហាមឃាត់មិនឲ្យអ្នកនេសាទខ្មែរធ្វើការនេសាទ សូម្បីតែរាយមង សន្ទូច ឬបង់សំណាញ់ក៏មិនបានដែរ លុះត្រាបង់ប្រាក់ឲ្យពួកគេជាមុនសិន។
ពលរដ្ឋខាងលើបន្ដឲ្យដឹងថា ក្រុមសហគមន៍លោក តុប មឿន នេះធ្វើការមិនគោរពគោលការណ៍ថ្នាក់លើនោះទេ គឺផ្ទុយស្រឡះពីការងាររបស់សហគមន៍នេសាទ សហគមន៍នេសាទរបស់ឃុំ ស្រុក ខេត្តនីមួយៗ ត្រូវសហការជាមួយអាជ្ញាធរ ពិសេសជំនាញជលផលការពារនូវពូជត្រីក្នុងតំបន់អភិរក្សរបស់ខ្លួនគ្រប់គ្រង ការពារការនេសាទត្រីដែលប្រើប្រាស់ឧបករណ៍ច្បាប់ជលផលផ្សេងៗទាំងឡាយណាដែលបង្កឲ្យមានគ្រោះមហន្ដរាយដល់ធនធានធម្មជាតិ។ ប៉ុន្ដែផ្ទុយទៅវិញសហគមន៍ឃុំព្រែកផ្ទោល ដែលកាន់កាប់ដោយឈ្មោះ តុប មឿន នេះបានបង្កើតបទល្មើសនេសាទខុសច្បាប់ជលផលយ៉ាងអនាធិបតេយ្យលក់ព្រែក អូរ បឹងបួរ ឲ្យជនជាតិវៀតណាមធ្វើការរាត្បាតពេញបឹងបង្កការលំបាកសព្វបែបយ៉ាងដល់ពលរដ្ឋខ្មែរយើងដែលធ្វើការនេសាទត្រីជាលក្ខណៈគ្រួសារមានទាំងការរត់របាំងធ្នស់ ព្រួលបិទភ្ជិត បឹងព្រែក មានទាំងការដាក់សម្រាស់រាប់សិបកន្លែងពេញទាំងអស់នៅក្នុងតំបន់សហគមន៍របស់ខ្លួនគ្រប់គ្រង។
ជាក់ស្ដែងនៅវេលាម៉ោង៨:៤០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងមកនេះលោក តូប មឿន ប្រធានសហគមន៍ខាងលើបានបញ្ជាឲ្យក្រុមការងាររបស់ខ្លួនចាប់ពលរដ្ឋដែលនេសាទត្រី ដែលកំពុងតែបណ្ដែតមងហើយបានជ្រុលចូលទៅក្បែរតំបន់ហាមឃាត់នោះគឺត្រូវបានចាប់ដាក់ខ្នោះដៃដូចចោរព្រៃ រួចធ្វើការទាត់ធាក់យកមកឃុំទុកនៅអធិការនគរបាលស្រុកអង្គរបុរី រយៈពេល២យប់២ថ្ងៃ គំរាមយកប្រាក់១លានរៀលទើបដោះលែងមកវិញ។
ជនរងគ្រោះមានឈ្មោះ ត្រាយ ថៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ពានដែក ឃុំ/ស្រុកអង្គរបុរី បានរៀបរាប់ឲ្យដឹងថា នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ខណៈខ្លួនកំពុងនេសាទត្រីដោយបណ្ដែតមងធម្មតា លុះដល់ចំណុចត្រពាំងគន្ធាយ ឃុំព្រែកផ្ទោល ក៏ត្រូវបានកម្លាំងសហគមន៍មួយក្រុមប្រដាប់ដោយអាវុធវែងខ្លីមកស្រែកសម្លុតគៀបទូក-កាណូតខ្លួនពីមុខពីក្រោយ រួមភ្ជង់កាំភ្លើងចាប់ខ្លួនដាក់ខ្នោះដៃអូសយកទូកម៉ាស៊ីនបញ្ជូនគាត់មកដាក់ក្នុងទ្រុងចំនួន២យប់២ថ្ងៃដោយចោទប្រកាន់ថា គាត់ចូលមកនេសាទក្នុងតំបន់ហាមឃាត់ហើយជម្រិតទារប្រាក់១លានរៀល ទើបឲ្យត្រឡប់ទៅផ្ទហវិញ។
មន្ដ្រីជលផលខេត្តតាកែវបានបញ្ជាក់ថា ក្រុមសហគមន៍មានសិទ្ធិការពារតំបន់អភិរក្សពូជត្រីតាមតំបន់របស់ខ្លួនកាន់កាប់ មានសិទ្ធិបង្ក្រាប ឬទប់ស្កាត់រាល់បទល្មើសនេសាទដោយមានកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរដែនដី និងជំនាញជលផលមានសិទ្ធិឃាត់ខ្លួន មធ្យោបាយភស្ដុតាងល្មើស ហើយបញ្ជូនឲ្យសមត្ថកិច្ចជំនាញភ្លាមៗមិនឲ្យលើសពី១២ម៉ោង ឬ២៤ម៉ោងនោះទេ។ ដូច្នេះទង្វើរបស់សហគមន៍ព្រែកផ្ទោល និងទីតាំងឃុំខ្លួនជនរងគ្រោះរបស់អធិការនគរបាលស្រុកអង្គរបុរី គឺជារឿងរំលោភសិទ្ធិមនុស្ស ហើយខុសច្បាប់យ៉ាងពេញទំហឹងតែម្ដង។
ពាក់ព័ន្ធការចោទប្រកាន់រិះគន់ខាងលើនេះ លោក អ៊ុក សារ៉ាត់ ដែលជាអធិការស្ដីទីស្រុកអង្គរបុរី បានបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា មានខាងសហគមន៍យកមនុស្ស និងសម្ភារទូក មង សំណាញ់ មកផ្ញើដោយមានការបញ្ជាពីលោកអភិបាលស្រុកទៀតផង ប៉ុន្ដែលោកពុំបានឃុំខ្លួនមនុស្សទេគឺលោករក្សាទុកតែសម្ភារ ទូក មង សន្ទូច សំណាញ់ ប៉ុណ្ណោះ ព្រោះលោកបានសួរយោបល់ថ្នាក់លើមិនឲ្យឃុំខ្លួនមនុស្សផ្ដេសផ្ដាសនោះទេ ៕ដោយ៖សហការី