ខេត្តកំពត៖ប្រភពព័ត៌មានពសមត្ថកិច្ចច្រកទ្វារអន្តរជាតិ ព្រែកចាក ខេត្តកំពត សុំមិនបញ្ចេញឈ្មោះបានប្រាប់ មេគង្គប៉ុស្តិ៍ ថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋជាច្រើនបានរអ៊ូរទាំថា ពិបាករកស៊ីខ្លាំងណាស់ក្រោយពីមានការផ្លាស់ប្តូរមេច្រកទ្វារថ្មីរួចមក ព្រោះមន្ត្រីនគរបាលអន្តោប្រវេសន៍ខិលខូចខ្លះបានកំណត់ឱ្យបង់សេវាលើម៉ូតូដឹកទំនិញឆ្លងដែនចេញចូលតម្លៃ ២ម៉ឺនរៀល ក្នុងមួយមួយគ្រឿង ហើយបើដឹកមនុស្សឆ្លងដែនវិញ គេដំឡើងថ្លៃក្នុងម្នាក់១០ម៉ឺនដុង ខុសពីគ្រាមុនពេលដឹកមនុស្សឆ្លងដែនម្នាក់យកតែ៥ម៉ឺនដុងប៉ុណ្ណោះ។
ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីនគរបាលអន្តោប្រវេសន៍ក្រោមការគ្រប់គ្រងរបស់លោក ណុប សារឹម បំពេញការងារមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់នោះទេ ហើយថែមទាំងជាប់ពាក់ព័ន្ធជាមួយបទល្មើសសេដ្ឋកិច្ចទៀតផង។
ប្រជាពលរដ្ឋដែលរកស៊ីដឹកឥវ៉ាន់បន្តិចបន្តួចឆ្លងកាត់ច្រកទ្វារអន្តរជាតិព្រែកចាកស្ទើររាល់ថ្ងៃបានបង្ហើបថា ក្រោយពីមានការផ្លាស់ប្តូរមេនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិព្រែកចាករួចមក បែរជាបានដំឡើងថ្លៃសេវាក្នុងការឆ្លងដែនទៅមក និងគាបយកលុយពីអាជីវករដែលរកស៊ីដឹកឥវ៉ាន់បន្តិចបន្តួចតាមម៉ូតូចេញចូលដោយតម្រូវឱ្យបង់២ម៉ឺនរៀលក្នុងម៉ូតូមួយគ្រឿង។ ប្រភពដដែលបានរៀបរាប់ថា ចាប់តាំងពីលោក ណុប សារឹម មកកាន់តំណែងមក លោកបានប្រមូលលិខិតឆ្លងដែនពីអ្នកឆ្លងដែនបោះត្រាមួយតម្លៃ៣០ដុល្លារដោយមានអ្នករត់ការចាំប្រមូលម្តងៗរាប់រយលិខិតឆ្លងដែន។
មន្ត្រីគយមួយរូបសុំលាក់ឈ្មោះ បានបញ្ជាក់ដែរថា តាំងពីលោក ណុប សារឹម ចូលកាន់តំណែងជាមេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាកមក ការបង្កភាពក្តៅក្រហាយទៅលើប្រជាពលរដ្ឋ និងឈ្មួញរកស៊ីនាំទំនិញចូលស្រុកព្រមទាំងអ្នកឆ្លងដែនឱ្យបង់លុយច្រកហោប៉ៅឱ្យពួកខ្លួនយ៉ាងគឃ្លើន ។ ប្រភពដដែលបានបញ្ជាក់ថា មេប៉ុស្តិ៍អន្តោប្រវេសន៍ព្រែកចាកលោក ណុប សារឹម មិនត្រឹមតែរងការរិះគន់ថាបំពេញការងារមិនត្រឹមត្រូវតាមគោលការណ៍ច្បាប់អន្តោប្រវេសន៍នោះទេ តែក៏ជាប់ពាក់ព័ន្ធនឹងការសម្របសម្រួលឲ្យមានការនាំចូលទំនិញគេចពន្ធផងដែរ។
លោក គយ ដដែលនេះបន្តថា ប្រសិនបើលុយដែលក្រុមលោក ណុប សារឹម ប្រមូលបានមកនោះដាក់បញ្ចូលជាចំណូលថវិការដ្ឋនោះជាការប្រពៃណាស់ ប៉ុន្តែតាមការទម្លាយឲ្យដឹងគឺមិនដូច្នោះទេ ។
ប្រភពដដែលបន្តទៀតថា សូម្បីតែអាជ្ញាធរខេត្តកំពតក៏មិនសប្បាយចិត្តចំពោះការបំពេញការងាររបស់លោក ណុប សារឹម និងបក្ខពួកផងដែរ ពីព្រោះពួកគេរិះគន់លោក ណុប សារឹម ថាបានដើរតួជាអ្នកសម្របសម្រួលឱ្យឈ្មួញគៃបំបាត់ពន្ធរដ្ឋ។ ប្រភពដដែលបានសំណូមពរថាមន្ត្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ គួរត្រួតពិនិត្យសកម្មភាពបំពេញការងាររបស់លោក ណុប សារឹម ឡើងវិញដើម្បីបង្ហាញពីភាពស្អាតស្អំ និងប្រសិទ្ធភាពការងាររបស់អង្គភាពរដ្ឋ៕
សារព័ត៌មាន មេគង្គគប៉ុស្តិ៍ មិនអាចសុំការបំភ្លឺពីលោក ណុប សារឹម មេប៉ុស្តព្រែកចាកបានទេ ដោយសារទូរសព្វ័របស់លោកមិនអាចទាក់ទងបាន ដែលទំនងជាលោកដាក់ប្រពន្ធ័ជាប់រវល់៕ដោយ៖អ.វរិន្ទ