ប៉ាគីស្ថាន៖ចលនាឧទ្ទាមតាលីបង់ដែលមានមូលដ្ឋានក្នុងប្រទេសប៉ាគីស្ថានឈ្មោះ Tehreek-e-Taliban បានចេញជាលើកទី១នូវរបាយការណ៍បូកសរុបពីស្នាដៃភេរវកម្មរបស់ខ្លួននៅក្នុងទឹកដីប៉ាគីស្ថានពីថ្ងៃទី៣ មករាដល់ថ្ងៃទី២៦ ធ្នូ ឆ្នាំ ២០១៥។
នៅក្នុងរបាយការណ៍បញ្ជាក់ពីទង្វើដែលខ្លួនសម្រេចបាន រួមមាន ឃាតកម្មចំទិសដៅចំនួន៧៣ដង ឆ្មក់វាយប្រហារចំនួន ១២ដង ភេរវកម្មអត្តឃាតចំនួន ៥ដង បាញ់មីស៊ីលចំនួន ១៧ដង និងបើកការប្រយុទ្ធតទល់ចំនួន ១០ដងដែលសរុបទៅបានបណ្តាលឲ្យមាមមនុស្សស្លាប់៦៨៦នាក់។ តែអ្នកសង្កេតការណ៍បានចាត់ទុកតុល្យការលើកឡើងដោយតាលីបង់ថា ជាការបំផ្លើស។
លោក រ៉ាហ៊ីមូឡា យូសាហ្សាយ អ្នកជំនាញប៉ាគីស្ថានបានបញ្ជាក់ថា ក្រុមតាលីបង់បានបំប៉ោងតួលេខនៅក្នុង ទង្វើភេរវនិយមរបស់ខ្លួន និងថា គ្មានភស្តុតាងណាមួយដែលអាចបញ្ជាក់ពីតុល្យការលើកឡើងដោយពួកឧទ្ទាម តាលីបង់នោះទេ។ ជាក់ស្តែងនៅក្នុងការវាយប្រហារប្រឆាំងនឹងមូលដ្ឋានទ័ពអាកាសក្នុង ទីក្រុងប៉េស្ហាវ៉ាកាលពីខែកញ្ញា ឆ្នាំ ២០១៥ តាលីបង់បានបញ្ជាក់ពីការសម្លាប់មនុស្សបាន ២៤៧នាក់ តែតួលេខផ្លូវការពិតប្រាកដមានស្លាប់តែ ២៩នាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា អស់ជាច្រើនឆ្នាំមកហើយដែលប៉ាគីស្ថានបានប្រឈមមុខនឹងការ បះបោររបស់ពួកឧទ្ទាមតាលីបង់ និងដែលគិតមកដល់ថ្ងៃនេះ មានស្លាប់ជនស៊ីវិល និងកម្លាំងសន្តិសុខប្រមាណជា២៧០០០នាក់។
ទោះជាយ៉ាងនេះក្តី Tehreek-e-Taliban និងតែជាចលនាឧទ្ទាមដែលកំពុងមានសកម្មភាពយ៉ាងសកម្មនៅក្នុងទឹកដី ប៉ាគីស្ថាន និងដែលរដ្ឋាភិបាលត្រូវប្រើពេលយូរទៅមុខទៀតដើម្បីអាចគាស់រំលើង ទាំងឫសបាន៕