ស្រីលង្កា៖រដ្ឋមន្ត្រីក្រសួងការពារជាតិស្រីលង្កា លោក Karunasena Hettiarahchi បានថ្លែងថា ជនជាតិស្រីលង្កាយ៉ាងហោចណាស់៣៦នាក់បានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយពួកឧទ្ទាម ISIS។ នេះបើយោងតាមការផ្សាយពីសារព័ត៌មានចិនស៊ិនហួ។
លោក Karunasena Hettiarahchi បានបញ្ជាក់ថា មានជនជាតិស្រីលង្កាជាច្រើននាក់បានចាកចេញពីក្រុមគ្រួសាររបស់ខ្លួនក្នុងនោះរួមមានទាំងស្ត្រី និងកុមារផងដែរ។ លោកបន្តថា បើទោះបីជាអ្នកដំណើរទាំងនោះ បញ្ជាក់ថា ពួក គេធ្វើដំណើរទៅកាន់ប្រទេសស៊ីរី ដើម្បីចូលរួមក្នុងកម្មវិធីព្យុហយាត្រាក្តី ប៉ុន្តែលោកជឿជាក់ថា ពួកគេមួយចំនួនធ្វើដំណើរទៅក្នុងគោល ដៅចូលរួមជាមួយពួកឧទ្ទាម ISIS។
គួរបញ្ជាក់ថា លោក Abhu Shuraih Sailani ជាជនជាតិស្រីលង្កាទីមួយ ដែលបានចូលរួមជាមួយពួកឧទ្ទាម ISIS ហើយបានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារតាមដែនអាកាសក្នុងប្រទេសស៊ីរី កាលពីខែកក្កដា កន្លងទៅនេះ៕