សេអ៊ូល៖សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនប្តេជ្ញាចិត្តថា នឹងដាក់ទណ្ឌកម្មធ្ងន់ឲ្យសមទៅនឹងទង្វើព្រហើនរបស់កូរ៉េខាងជើង ដែលបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែនដែលជាគេចាត់ទុកថា ជាអាវុធប្រល័យលោកដ៏គ្រោះថ្នាក់បំផុត។
កូរ៉េខាងត្បូងដែលជាប្រទេសបងប្អូនបង្កើតរបស់កូរ៉េខាងជើងបានសម្តែងការខឹងសម្បាខ្លាំងជាងគេ ទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ដែលរបបព្យុងយ៉ាងខ្លួនឯង អះអាងថា ជាគ្រាប់បែកប្រភេទអ៊ីដ្រូហ្សែននោះ។ ទន្ទឹមនោះនៅថ្ងៃព្រហស្បតិ៍ ប្រជាជនកូរ៉េជាច្រើនរយនាក់នៅក្រុងសេអ៊ូល បានធ្វើបាតុកម្មដុតរូបថតមេដឹកនាំវ័យក្មេងចិត្តសឿងរបស់កូរ៉េខាងជើង។
ជប៉ុន និងកូរ៉េខាងត្បូងបានទាមទារឲ្យសហគមអន្តរជាតិដាក់ទណ្ឌកម្មឲ្យធ្ងន់ និងមានប្រសិទ្ធភាព ទៅលើរបបផ្តាច់ការព្យុងយ៉ាង គ្រាដែលម្តងហើយម្តងទៀតតែងតែរំលោភលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ ដោយឡែករដ្ឋាភិបាលអង់គ្លេស បានកោះហៅអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំទីក្រុងឡុងដ៍ ដើម្បីធ្វើការសាកសួរ និងថ្លែងប្រាប់ពីការព្រួយបារម្ភ របស់អង់គ្លេស ជុំវិញសកម្មភាពកម្រោលរបស់កូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា សកម្មភាពផលិតគ្រាប់នុយក្លេអ៊ែរ របស់កូរ៉េខាងជើងកាន់តែបោះជំហានទៅមុខកាន់តែខ្លាំង និងកំពុងគម្រាមកំហែងដល់សន្តិសុខរបស់ពិភពលោកទាំងមូល គ្រាដែលប្រជាជនកូរ៉េខាងជើងជាង២០លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រលំបាកវេទនាជាទីបំផុត៕