ភ្នំពេញ៖ លោក ថាច់ សេដ្ឋា ប្រធានសហ គមន៍ខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃសុក្រនេះ បានសម្រេច នឹងដាក់ពាក្យបណ្តឹងប្តឹង ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីបើកការ ស៊ើប អង្កេតលើករណីជនមិនស្គាល់មុខគំរាមសម្លាប់រូបលោកតាមទូរស័ព្ទ។
លោកប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមរូបនេះបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែតុលានេះថា លោកនឹងដាក់ពាក្យបណ្តឹងទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំពោះករណីជនមិនស្គាល់មុខគំរាមតាមទូរស័ព្ទសម្លាប់រូបលោក ។ មូលហេតុដែលលោកដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺដោយសារអ្នកគំរាមសម្លាប់រូបលោកនៅក្រៅប្រទេស ដើម្បីឲ្យវែកមុខអ្នកដែលគំរាមខ្ញុំ និងដើម្បីរកយុត្តិធម៌ដល់ខ្ញុំ”។
លោក ថាច់ សេដ្ឋា បានបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា និងនៅថ្ងៃទី៨ ខែតុលា មានជនមិនស្គាល់ អត្តសញ្ញាណបានទូរស័ព្ទមកលោកដោយនិយាយជាភាសាយួនគំរាមបាញ់សម្លាប់រូបលោកបើសិនជាលោកនៅតែបន្តដឹកនាំធ្វើបាតុកម្មប្រឆាំងជាមួយយួនទៀត។ លុះដល់ព្រឹកថ្ងៃទី៨ ខែតុលា នៅវេលាម៉ោងជិត ៩ព្រឹក ជនមិនស្គាល់អត្តសញ្ញាណដដែលនោះបានទូរស័ព្ទមកលោកដោយបានគំរាម សម្លាប់រូបលោក។ ការគំរាមសម្លាប់នេះ គឺគេបាននិយាយ ជាភាសាយួនថា“ អ្នកឯងដឹកនាំធ្វើបាតុកម្ម ត្រូវប្រយ័ត្នខ្លួនវៀតណាមជួយកម្ពុជាច្រើនណាស់ អ្នកឯងត្រូវបញ្ឈប់ការតវ៉ាមុខស្ថានទូតវៀតណាម”។
លោក បញ្ជាក់ថា ចំពោះការគំរាមសម្លាប់ មកលើរូបលោក គឺលោកមិនមានការ ព្រួយបារម្ភអ្វីទេ ហើយអ្វីដែលជាការគំរាម គឺជារឿងធម្មតា ពីព្រោះនេះគឺជាទឹកដីរបស់ខ្មែរ អត់មានបញ្ហាអ្វីទេ។ “ជនមិនស្គាល់មុខនោះ គេបានទូរស័ព្ទថា ឈប់ឲ្យខ្ញុំមកបាតុកម្ម មុខស្ថានទូតយួនទៀត បញ្ឈប់ប្រឆាំងវៀតណាម កាលណាបើយើងប្រឆាំងវៀតណាម កងទ័ពគេនៅនឹង(កម្ពុជា)ច្រើន គេនឹងសម្លាប់យើង ពីព្រោះវៀតណាម ជួយម្ពុជាច្រើនណាស់ ស្លាប់ច្រើនណាស់ ដើម្បីជួយប្រជាជនកម្ពុជា ហើយប្រទេសកម្ពុជា រស់បាននេះ គឺគេជួយ”។
លោក ថាច់ សេដ្ឋា បានបញ្ជាក់ថា ការគំរាមនេះគឺដើម្បីកុំឲ្យបង្ហាញការពិត រឿងវៀតណាមយកទឹកដីខ្មែរកម្ពុជាក្រោមពីព្រោះវៀតណាមមិនចង់ឲ្យយើងនិយាយនូវការពិត៕រដ្ឋា