ខេត្តព្រះវិហារ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ អាជ្ញាធរថៃបានចូលមកប្រាប់ផ្នែកទំនាក់ទំនងខាងកម្ពុជាកុំឲ្យបន្តឈូសផ្លូវឡើង ទៅកាន់រូបសំណាកមេទ័ពខ្មែរ(លោកតាអ៊ុំ)នៅច្រកអានសេះបន្តទៀត។
មន្ត្រីទំនាក់ទំនងកម្ពុជាបានបញ្ជាក់ថា ថៃហាមឃាត់នៅពេល ដែល កងវិស្វកម្មអគ្គបញ្ជាការ បាននិងកំពុងយកគ្រឿងចក្រទៅឈូសផ្លូវដែលមានចម្ងាយប្រមាណជាង ១០ ម៉ែត្រ ពីរូបសំណាក់មេទ័ពខ្មែ ឡើងទៅកាន់ច្រកអានសេះ។ ការហាមឃាត់នេះគឺភាគីកម្ពុជាបានផ្អាកបណ្តោះអាសន្នតាំងពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ មកម្ល៉េះ។
ប្រភពព័ត៌មានដោយឡែកបានឲ្យដឹងថា កងវិស្វកម្មអគ្គមេបញ្ជា ការ បានធ្វើផ្លូវឡើងទៅកាន់ច្រកអានសេះតាំងពីមុនរហូតមកពុំដែលមានថៃមកហាមឃាត់ទេ ចំណែកការហាមឃាត់នៅពេល នេះទំនងជាដោយសារធ្លាប់មានក្រុមហ៊ុនឯកជនល្បីល្បាញមួយ រកស៊ីច្រើនមុខនៅច្រកអានសេះបានជួលគ្រឿងច្រកកងវិស្វកម្មអគ្គបញ្ជាការឲ្យឈូសពង្រីកផ្លូវទើបថៃហាមឃាត់បែបនេះ។
ប្រភពព័ត៌មានបន្តថា រហូតមកដល់ពេលនេះ កម្ពុជាបានផ្អាកបណ្តោះអាសន្ន តាមការស្នើសុំពីភាគីថៃ។ ការបន្តឈូសផ្លូវរបស់ក្រុមហ៊ុនឯកជនបន្តទៀតនោះ មិនដឹងថា អនុវត្តនៅពេលណាទេ គឺរង់ចាំការដោះស្រាយពីភាគីទាំង ២ រួចរាល់សិន។
មន្ដ្រីយោធាកម្ពុជាក្នុងតំបន់សឹករងព្រះវិហារដែលកំពុងឈរជើង ការពារបូរណភាពទឹកដីនៅតំបន់អានសេះបានឱ្យដឹងថា កងទ័ពកម្ពុជាមានការគោរពបារមីដ៏ខ្លាំងពូកែរបស់អតីតមេទ័ពខ្មែររូបនេះ ដែលបានច្បាំងឈ្នះពួកចោរសៀមឈ្លានពានការពារបានដីខ្មែរក្នុងតំបន់ទាំងអស់ខាងលើទុកឱ្យកូនចៅខ្មែរជំនាន់ក្រោយបន្ដរក្សាការពាររហូតមកទល់បច្ចុប្បន្ន។
គួរបញ្ជាក់ថា រូបសំណាកលោក តាអ៊ុំ បានសង់នៅច្រកអានសេះក្នុងទឹកដីរបស់កម្ពុជា។ លោកតាអ៊ុំ មេទ័ពខ្មែរ ជាអ្នកតស៊ូយ៉ាងក្រាញននៀលវាយទ័ពសៀមឈ្លានពានទឹកដីខ្មែរឱ្យវិនាសខ្ចាត់ ខ្ចាយ ដណ្ដើមកាន់កាប់បាននូវទឹកដីរបស់ខ្មែរតាមព្រំដែនខ្មែរ-សៀមចាប់ពីតំបន់មុំបីរហូតដល់បាត់ដំបង៕
រូបសំណាកមេទ័ពខ្មែរ គឺលោកតាអ៊ុំ ដែលសង់ក្នុងដីកម្ពុជា បែរមុខទៅរកច្រកព្រំដែនអានសេះ