ខណៈពេលជំនួញឈើគ្រញូងកំពុងតែមានសកម្មភាពគគ្រឹក គគ្រេង ប្រភេទឈើប្រណីតដ៏មានតម្លៃមួយនេះក្រៅពីយកទៅកែច្នៃធ្វើសង្ហារិម ឬក្នុងវិស័យតុបតែងសំណង់ សូម្បីតែកម្ទេចកម្ទីរបស់វាក៏ត្រូវបានមនុស្សមួយចំនួនយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺមួយចំនួនផងដែរ។
ថ្មីៗនេះ ប្រជាពលរដ្ឋខ្លះបានខ្សឹបដាក់ត្រចៀកតៗគ្នាពីប្រសិទ្ធភាពនៃឈើ ប្រណីតដែលកំពុងត្រូវបានរុករានបំផ្លាញនេះថា គ្រញូងជាឱសថបញ្ចុះជាតិស្ករ និងជាតិខ្លាញ់ក្នុងខ្លួនដ៏ពូកែស័ក្ដិសិទ្ធិចំពោះអ្នកកើតជំងឺ ទឹកនោមផ្អែម និងលើសជាតិខ្លាញ់។
ក្រោយពីបានឮតៗគ្នា អ្នកកើតជំងឺនេះនាំគ្នាស្វះស្វែងរកទិញកម្ទេចឈើគ្រញូងយកមកដាំទឹកផឹក។
បុរសវ័យ ៤៧ឆ្នាំ ម្នាក់ដែលមានឈ្មោះហៅក្រៅថា ប៉ាអាសិដ្ឋ បានប្ដូរមកទទួលទានទឹកឈើគ្រញូងជំនួសឱសថវេជ្ជសាស្ដ្រវិញដោយសារ តែគិតថា ថ្នាំពេទ្យមិនបានធ្វើឲ្យលោកធូរស្បើយពីជំងឺទឹកនោមផ្អែម។
នៅពេលធ្វើទុក្ខខ្លាំង ជាតិស្កររបស់គាត់ឡើងដល់កម្រិត ៤០០ ឯណោះ ជាកម្រិតដ៏គ្រោះថ្នាក់បំផុតចំពោះអ្នកជំងឺទឹកនោមផ្អែម។ វាបានធ្វើឲ្យគាត់មានអាការស្ពឹករួយស្រពន់សាច់ដុំ ហេវហត់អត់កម្លាំងកំហែងក្នុងខ្លួន និងតែងតែមានអារម្មណ៍ឃ្លានជានិច្ច។
ស្ដ្រីជាភរិយាលោកនិយាយថា៖ «ដោយសារតែកែងជើងរបស់ គាត់ត្រូវឈើធ្លាក់លើ និងមានដំបៅជាង ១ ខែមិនជាសះស្បើយសោះ មិត្ដភក្ដិធ្វើការជាមួយគ្នាបានប្រាប់ថា ហេតុអ្វីមិនយកឈើគ្រញូងទៅដាំទឹកផឹកទៅវានឹងបានធូរស្បើយហើយ»។
ភរិយាបុរសទម្ងន់ ៩៦ គីឡូរូបនេះបង្ហើបប្រាប់ពីប្រភពគ្រញូងថា ដោយសារតែមិត្ដភក្ដិរបស់ប្ដីអ្នកស្រីធ្វើការនៅរោងឈើរបស់ ក្រុមហ៊ុន ទ្រី ភាព ដ៏ល្បីល្បាញ ពួកគេបានផ្ដល់កម្ទេចឈើគ្រញូងតូចៗឲ្យគាត់ដាំទឹកផឹក។
អ្នកស្រីរៀបរាប់ថា៖ «ក្រោយពេលគាត់ពិសាប្រមាណជា ២ ខែមក គាត់ហាក់មានកម្លាំងមាំមួនឡើងវិញ ហើយដំបៅលើកែងជើងដ៏រ៉ាំរ៉ៃនោះក៏បានជាសះស្បើយវិញដែរ»។
ខណៈពេលកំពុងព្យាបាលនេះ ក្រៅពីទឹកថ្នាំឈើគ្រញូង ស្វាមីរបស់គាត់ទទួលទានឱសថបុរាណផ្សេងៗទៀត។
ក្រោយមកព័ត៌មានស្ដីពីប្រសិទ្ធភាពនៃឱសថឈើគ្រញូងនេះបានបន្ដលេច ឮពីម្នាក់ទៅម្នាក់ ពីគ្រួសារមួយទៅគ្រួសារ ជាពិសេសអ្នកមានសមាជិកផ្ទុកជំងឺទឹកនោមផ្អែមដែលចង់សាកល្បង ព្យាបាលក្រៅពីជម្រើសប្រើថ្នាំពេទ្យជាប្រចាំ។
អ្នកស្រី ស្រី ក៏ជាអ្នកជំងឺម្នាក់ដែលងាកមកសាកល្បងដាំកម្ទេចឈើគ្រញូងទទួលទាន ជាឱសថផងដែរ។
ស្ត្រីវ័យ ៥៣ ឆ្នាំរូបនេះបានប្រាប់ពីវិធីទទួលទានទឹកគ្រញូងថា៖ «ដំបូងខ្ញុំដាក់កម្ទេចគ្រញូងរាងច្រើនបន្ដិច ហើយវាធ្វើឲ្យខ្ញុំរងាក់រងើក និងញ័រដើមទ្រូង។ ក្រោយមក ពេលខ្ញុំបន្ថយវានៅសល់តែបន្ដិច ខ្ញុំមានអារម្មណ៍ស្រួលខ្លួន មិនធ្វើទុក្ខ និងជួយទប់ឲ្យជាតិស្ករនិងជាតិខ្លាញ់ឡើងទៀតផង»។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកលក់ឱសថបុរាណនៅម្ដុំផ្សារអូរឫស្សីខ្លះថ្លែងទាំងស្ទាក់ស្ទើរ ថា កម្ទេចគ្រញូងគ្មានទេនៅហាងរបស់ពួកគេ។ ចំណែកអ្នកលក់ខ្លះអះអាងថា គ្រញូងអាចជាឱសថមួយប្រភេទដែរ តែពួកគេមិនហ៊ានទិញយកមកលក់ទេ។
ចំពោះប្រសិទ្ធភាពនៃទឹកថ្នាំគ្រញូងនេះ លោកវេជ្ជបណ្ឌិត ប៊ុន ប៉ូល បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត និងគ្លីនិកប្រសិទ្ធភាព បានថ្លែងថា លោកមិនបានដឹងពីព័ត៌មានដែលថា ឈើគ្រញូងអាចព្យាបាលជំងឺទឹកនោមផ្អែមបាននោះទេ ព្រោះគ្មានក្បួនវេជ្ជសាស្ដ្រណាបញ្ជាក់ពីបញ្ហានេះ។
លោកសម្ដែងជំហរថា៖ «ទាល់តែមានការឆ្លងកាត់ការពិសោធផ្នែកវេជ្ជសាស្ដ្រត្រឹមត្រូវ ទើបយើងហ៊ានសន្និដ្ឋានថា ឱសថណាអាចប្រើបាន និងឱសថណាមិនអាចប្រើបាន»។
ទាក់ទងនឹងការផឹកទឹកគ្រញូងបញ្ចុះជាតិស្ករនេះ លោកវេជ្ជបណ្ឌិត បានពន្យល់ថា៖ «ងាយស្រួលទេ ឲ្យតែអ្នកជំងឺពិសាទឹកបានច្រើន សារធាតុ (ស្ករ និងខ្លាច) ប្រាកដជាចុះមិនខាន»។
លោកទទួលស្គាល់ថា ឱសថជាច្រើនសុទ្ធតែផលិតពីឫសឈើ និងរុក្ខជាតិទាំងអស់ ដោយខុសប្លែកត្រង់ថា ឱសថទាំងនោះត្រូវបានដកយកសារធាតុពុលចេញ ហើយលោកក៏មិនធានាដែរថា ទឹកថ្នាំគ្រញូងមាន ឬក៏គ្មានប្រសិទ្ធភាពនោះឡើយ៕ ប្រភព ៖ postkhmer