អឺរ៉ុប៖យោងតាមទីភ្នាក់ងារប៉ូលិសអឺរ៉ុប Europol និយាយថា កុមារជនស្វែងសិទ្ធិជ្រកកោនដែលមិនមានចាស់ទុំនៅជាមួយជាង១ម៉ឺននាក់បានបាត់ខ្លួនដោយគេសង្ស័យថា ពួកគេជាច្រើនត្រូវគេឆក់យកទៅបម្រើនៅក្នុងឧស្សាហកម្មផ្លូវភេទ ឬក៏ពាណិជ្ជកម្មទាសករ។
លោក Brian Donald នាយកខុទ្ទកាល័យនៃទីភ្នាក់ងារប៉ូលិសអឺរ៉ុបបន្តថា កុមារទាំងនោះបានបាត់ខ្លួនពីប្រព័ន្ធរបស់គេក្រោយពីបានចុះឈ្មោះជាមួយអាជ្ញាធររដ្ឋនីមួយៗបន្ទាប់ពីបានធ្វើដំណើរទៅដល់អឺរ៉ុប។លោកបញ្ជាក់ថា គេមានភស្ដុតាងអំពីរចនាសម្ព័ន្ធឧក្រិដ្ឋជនដែលគេបានបង្កើតឡើង ក្នុងពេល១៨ខែមុននេះដើម្បីកេងប្រវ័ញ្ចលើបញ្ហាលំហូរចូលនៃជន ស្វែងសិទ្ធិជ្រកកោនទៅអឺរ៉ុប។
បើយោងតាមកាសែតអង់គ្លេសមួយបានរាយការណ៍ថា ប៉ូលិសអឺរ៉ុបបានរកឃើញទំនាក់ទំនងរវាងក្រុមរត់ពន្ធមនុស្ស និងក្រុមជួញដូរមនុស្សដោយកេងប្រវ័ញ្ចពួកគេយកទៅធ្វើការនៅឧស្សាហកម្មផ្លូវភេទ និងទាសភាព។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥កន្លងមានជនភៀសខ្លួន និងជនអន្ដោប្រវេសន៍ជាង១លាននាក់បានចាកចេញពីសង្គ្រាមនៅក្នុងស៊ីរី ដោយធ្វើដំណើរចូលទៅអឺរ៉ុប ក្នុងនោះប៉ូលិសអឺរ៉ុបប៉ាន់ប្រមាណថាមាន២៧%ជាកុមារ៕