បាងកក៖យោងតាមសារព័ត៌មាន Bangkok Post បានផ្សាយថា មន្ទីរពេទ្យ Bhumibol Adulyadej របស់ប្រទេសថៃបានអះអាងកាលពីម្សិលមិញថា បានព្យាបាលបុរសអ្នកជំងឺម្នាក់ដែលបានឆ្លងវីរុស Zika។
ប្រធានមន្ទីរពេទ្យ Bhumibol Adulyadej លោក Santi Srisermphok បានឲ្យដឹងថា អ្នកជំងឺឆ្លងវីរុស Zika មានវ័យ២០ឆ្នាំដោយបានចូលមកព្យាបាលនៅមន្ទីរពេទ្យខាងលើកាលពីថ្ងៃ២៤ មករា កន្លងទៅ។លោកបញ្ជាក់ថា បុរសនោះបានកើតរោគសញ្ញាជារួម នៃការឆ្លងមេរោគ Zika ដូចជា គ្រុនក្ដៅ អន្ទះអន្ទែង ភ្នែកក្រហម និងឈឺសាច់ដុំ។ លោកបន្ថែមក្រោយពិនិត្យធ្វើតេស្តឈាមរួចមកលទ្ធផលបង្ហាញថា បុរសនោះមានវីរុស Zika មែន ទោះបីបដិសេធថាមិនបានធ្វើដំណើរទៅកាន់ប្រទេសកំពុងមានការរាតត្បាតពីវីរុសនោះក៏ដោយ។
ទោះជាយ៉ាងណាបន្ទាប់ពីព្យាបាលបុរសអ្នកជំងឺខាងលើ ខាងមន្ទីរពេទ្យមិនគិតថ្លៃសេវាលើការព្យាបាលនោះទេ និងបន្តតាមដានពិនិត្យលើបុរសនោះ៕