សេដ្ឋកិច្ច៖ការធ្លាក់ចុះតម្លៃដំឡូងមីនៅក្នុងរដូវប្រមូលផលនេះ កំពុងធ្វើឲ្យប្រជាកសិករខ្មែរមួយចំនួនត្រូវប្រឈមនឹងការខាតបង់យ៉ាងសន្ធឹកសន្ធាប់ ព្រោះចំណាយទុនយ៉ាងច្រើនសម្រាប់ការដាំដុះ ហើយលក់ផលដំឡូងក្នុងតម្លៃដ៏ទាបបំផុតទៅវិញ។
ប្រជាកសិករដាំដំឡូងមីនៅខេត្តក្រចេះ និងខេត្តមណ្ឌលគិរី បានឲ្យដឹងថា តម្លៃដំឡូងមីបានធ្លាក់ចុះយ៉ាងគំហុក និងពិបាករកទីផ្សារសម្រាប់លក់ ហើយមិនទាន់មានអន្តរាគមន៍ពីក្រសួងនិងស្ថាប័នពាក់ព័ន្ធនៅឡើយទេ។ ម្យ៉ាងវិញទៀតតម្លៃដំឡូងមីស្ងួតមានទីផ្សារតែនៅប្រទេសវៀតណាម និងប្រទេសសៀម ហេតុនេះហើយទើបឈ្មួញយួន និងសៀមអាចបន្ថោកតម្លៃដំឡូងមីរបស់កសិករខ្មែរតាមអំពើចិត្ត ។ចំពោះអ្នកខ្ចីលុយពីធនាគារមកដាំដុះកំពុងវ័ណ្ឌកដោយសារតែតម្លៃដំឡូងមីធ្លាក់ចុះទាបខ្លាំងពេក។
ប្រជាកសិករនៅក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី បានឲ្យដឹងថា កន្លងមកតម្លៃដំឡូងមីមិនធ្លាក់ចុះដូចសព្វថ្ងៃនេះឡើយ ហើយមានឈ្មួញចុះមកទិញដល់មូលដ្ឋានមិនពិបាកដឹកជញ្ជូនទៅលក់នៅទីផ្សារដោយខ្លួនឯងនោះទេ។ ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃដើមខែមករា ឆ្នាំ២០១៦នេះ តម្លៃដំឡូងមីធ្លាក់ចុះយ៉ាងខ្លាំងពិបាករកទីផ្សារលក់ ហើយគ្មានឈ្មួញចុះមកទិញដល់ចម្ការដូចកាលពីមុនទៀតទេ។ ហេតុនេះហើយទើបប្រជាកសិករដែលជាអ្នកដាំដំឡូងមីបានអំពាវនាវឲ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ជួយអន្តរាគមន៍ដល់ពួកគាត់ជាបន្ទាន់។
ទាក់ទងបញ្ហាខាងលើនេះដែរ ឈ្មួញកណ្ដាលម្នាក់ដែលធ្លាប់ទិញដំឡូងមីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមបានឲ្យដឹងថា កាលពីមុនតម្លៃដំឡូងមីស្ងួត១គីឡូក្រាមប្រមាណ៧០០រៀល ហើយងាយស្រួលទិញនិងលក់បានចំណេញគួរសម។ ប៉ុន្តែឆ្នាំ២០១៦នេះ តម្លៃដំឡូងមីស្ងួត១គីឡូក្រាមត្រឹម៥០០រៀល ហើយពិបាកទិញនិងពិបាកលក់ ដច្នេះទើបមិនសូវមានឈ្មួញកណ្ដាលចុះទិញដល់មូលដ្ឋានរបស់ប្រជាកសិករក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរីដូចមុនទៀត។
គួររំឭកថា យូរឆ្នាំមកហើយដែលការប្រឈមរបស់ប្រជាកសិករខ្មែរដូចករណីខាងលើនេះបានកើតមានឡើងគ្រប់កសិផល និងរាល់រដូវកាល ប៉ុន្តែរាជរដ្ឋាភិបាល ពិសេសក្រសួងពាក់ព័ន្ធនៅតែមិនអាចជួយរំដោះប្រជាកសិករឲ្យរួចផុតពីបញ្ហានេះបានទេ ហេតុដូច្នេះហើយទើបធ្វើឲ្យពួកគាត់ជំពាក់បំណុលធនាគារវ័ណ្ឌកដោយសារតែមុខរបរកសិកម្ម ហើយទីបំផុតពួកគាត់នឹងជួបនូវបញ្ហាប្រឈមជាច្រើនផ្សេងទៀតខណះពួកគាត់ធ្វើចំណាកស្រុកដើម្បីរកប្រាក់មកដោះបំណុលគេ៕