នាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ធ្វើស្រែ​ប្រាំង​តែមួយ​លើក​នៅ​ឆ្នាំ​២០១៦​ព្រោះ​ខ្វះ​ទឹក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

ដោយ៖សហការី

​ភ្នំពេញ​៖ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អំពាវនាវ​ឲ្យ​ប្រជាកសិករ​ទាំងអស់​ត្រូវ​ធ្វើ​ស្រូវប្រាំង​តែ ១​លើក​បាន​ហើយ ខណៈដែល​កម្ពុជា​កំពុង​ជួប​គ្រោះរាំងស្ងួត​ស្ទើរតែ​គ្រប់​តំបន់​ក្នុងប្រទេស​នៅ​ឆ្នាំ​២០១៦ នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ ដល់​និស្សិត​នៃ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង (NUM) នៅ​ព្រឹក​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៦ នា​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ ។​

​លោកនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា នៅ​ឆ្នាំនេះ ទាំង​ទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ មាន​ទឹកជំនន់​ទាប រហូតដល់​មិនអាច​អុំទូក​បាន​ទៀតផង​។​សម្តេចនាយក​រដ្ឋមន្ត្រី បាន​បន្តថា​ជាថ្មី​ម្តងទៀត​ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ទាប់ពី​ចេញ​សរាចរ​ណ៍​រួចមកហើយ លើ​បញ្ហា​កង្វះ​ទឹក​នៅ​ឆ្នាំនេះ​។ ឆ្នាំនេះ​ទឹកទន្លេ​មេគង្គ ទន្លេសាប ទន្លេបាសាក់​វា​ទាប រហូតដល់​មិនអាច​អុំទូក​បាន​នោះទេ ក៏ប៉ុន្តែ ទឹក​នៅតាម​ស្ទឹង តាម​បឹង តាម​បួ​អីចឹង​បានជា​សូម​ណូ​ម​ពរ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ស្រូវ​ប្រាំ​តែម្តង​បាន​ហើយ​ដើម្បី​យើង​ទុក​ទឹក​សម្រាប់​ការស្រោចស្រប ទៅនឹង​ដំណាំ​រួមផ្សំ និង​ការប្រើប្រាស់​ទាំង​មនុស្ស​ទាំង​សត្វ​ព្រោះ​យោងតាម​ការព្យាករណ៍​ធាតុអាកាស​គឺ​នឹង​អាចឈាន​ទៅដល់​ខែ​៦ ទើប​ចាប់ផ្តើម​មាន​ភ្លៀង​”​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា កន្លងទៅ​មាន​ភ្លៀង​កក់ខែ​នៅ​កន្លែង​នេះ កន្លែង​នោះ​ក៏ប៉ុន្តែ​វា​តិច​ណាស់ វា​មិន​គ្រប់គ្រាន់​ជាមួយនឹង​សូម​ណូ​ម​ពរ​នឹង​ការប្រើប្រាស់​និង​ការ​ហួតហែង​តាមរយៈ​ខ្យល់​តាមរយៈ​ធាតុអាកាស​នោះទេ​ហើយ​ការប្រែប្រួល​អាកាសធាតុ​នេះ​នៅជាប​ញ្ហា​រួម​របស់​ពិភពលោក​។ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​អាស៊ាន​-​អាមេរិក នៅ​ថ្ងៃទី​១៥-១៦ ខែកុម្ភៈ ឆ្នាំ​២០១៦​ខាងមុខនេះ ក៏មាន​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​អាកាសធាតុ​ផងដែរ​។ ពិភពលោក​កំពុង​មានការ​ជ្រួលច្របល់​ទៅលើ​ការប្រែប្រួល​អាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ​, ជំងឺឆ្លង និង​បញ្ហា​ភេរវកម្ម​។​

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួង​ធន​ធាតុទឹក និង​ឧតុនិយម កំពុង​រត់ដៃ​រត់​ជើង ជួយ​ចុះ​បូមទឹក​ដាក់​ស្រែ​របស់​ប្រពល​រដ្ឋ​នៅក្នុង​តំបន់​ខ្លះ មាន​ខេត្តបន្ទាយមានជ័យ និង​បាត់ដំបង ជាដើម កំពុង​ប្រឈម​នឹង​ការខ្វះខាត​ទឹក​សម្រាប់​ស្រោចស្រប​ដំណាំ​ស្រូវប្រាំង​៕

189762556688