ភ្នំពេញ៖មានមនុស្សចំនួនជិត ២០នាក់ រង របួសនៅក្នុងពេលកងសន្តិ សុខខណ្ឌដូន ពេញប្រើកម្លាំងដោយហិង្សា វាយបំបែកលើអ្នកតវ៉ារឿងដីធ្លីមកពីខេត្តព្រះ វិហារ នៅថ្ងៃទី២០ តុលា។ ក្នុងចំណោមអ្នករងរបួស គឺមានកុមារផង។
ពលរដ្ឋដែលមានបញ្ហាដីធ្លីនៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជិត ១០០នាក់ នាំគ្នាព្យាយាមយកលិខិតសុំអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីនៅ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែកងសន្តិសុខរារាំងនៅសួនច្បារនាគបាញ់ទឹកខាងកើតវិមាន ឯករាជ្យ បានរារាំងក្បួនអ្នកតវ៉ាដោយមិនឲ្យចូលទៅជិតផ្ទះលោក នាយករដ្ឋមន្ត្រីឡើយ។
នៅវេលាថ្ងៃត្រង់ កងសន្តិសុខខណ្ឌដូនពេញ រាប់សិបនាក់ ដែលគាំទ្រកម្លាំងពីក្រោយដោយកងអាវុធហត្ថរាប់រយនាក់ បានប្រើអំពើហិង្សាបណ្ដេញអ្នកតវ៉ាចេញពីទីនោះ។
អ្នករបួសដែលអាជ្ញាធរវាយត្រូវបានពេទ្យអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ជួយសង្គ្រោះ និងព្យាបាល។
មន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ឱ្យដឹងថា ក្រោយការវាយបង្ក្រាបដោយហិង្សារបស់អាជ្ញាធរមួយប្រាវនោះ ខាងលោកបានទទួលអ្នកតវ៉ាដែលរងរបួសទាំងក្មេង និងចាស់ ជិតម្ភៃនាក់។ ក្នុងនោះមានប្រាំនាក់រងរបួសធ្ងន់។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រះវិហារ ចាត់ទុកការបង្ក្រាបដោយហិង្សាលើអ្នកតវ៉ារឿងដីធ្លីមកពីខេត្ត ព្រះវិហារនេះ គឺជាការរំលោភសិទ្ធិមនុស្ស។
នៅក្នុងលិខិតសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រុមអ្នកតវ៉ាបានសរសេរថា ពលរដ្ឋដែលមានបញ្ហាដីធ្លីនេះមានចំនួន ៣៣១គ្រួសារស្ថិតនៅក្នុងស្រុកជាំក្សាន្ត និងក្រុងព្រះវិហារ ខេត្តព្រះវិហារ។ ពួកគាត់ឱ្យដឹងថា បញ្ហាដីធ្លីនេះកើតឡើងចំពោះពលរដ្ឋ ៧៨គ្រួសារ នៅពេលដែលអាជ្ញាធរខេត្តចង់ពង្រីកវាលយន្តហោះ។ រីឯពលរដ្ឋ ២៥៣គ្រួសារទៀត ត្រូវបានអាជ្ញាធរឈូសឆាយ និងដុតផ្ទះសម្បែង សាលា និងវត្ត ហើយឱ្យពួកគាត់ទៅរស់នៅក្នុងចម្ការមីន។
មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បញ្ជាក់បន្ថែមថា នៅឆ្នាំ២០១២ ពលរដ្ឋនៅយល់ព្រមតាមអាជ្ញាធរដោះដូរដីពីឃុំកន្ទួត ទៅនៅទីតាំងថ្មីឈ្មោះស្រះក្ដុល។ លោកថា ការយល់ព្រមនោះ ក៏ព្រោះតែអាជ្ញាធរខេត្តធ្លាប់សន្យានឹងពលរដ្ឋរៀបចំឱ្យមាន ហេដ្ឋារចនាសម្ព័ន្ធ ដែលមានផ្លូវទឹកភ្លើងសម្រាប់ពលរដ្ឋដែលរើទៅនោះ។ ប៉ុន្តែរហូតមកដល់ពេលនេះមិនអ្វីដូចការសន្យាទេ ។
នៅព្រឹកថ្ងៃទី២០ តុលា ដដែល មុនពេលហែក្បួនទៅរកអន្តរាគមន៍ពីខុទ្ទកាល័យលោក ហ៊ុន សែន ពលរដ្ឋបានហែញត្តិទៅដាក់នៅតាមស្ថានទូតមួយចំនួន ដូចជា ស្ថានទូតចិន (China) រុស្សី (Russia) អូស្ត្រាលី (Australia) និងរដ្ឋសភាជាដើម ដើម្បីឱ្យស្ថានទូត និងស្ថាប័នទាំងនោះធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលជួយដោះស្រាយដីធ្លី ជូនពួកគាត់៕ប្រភព៖rfa