ម៉ែ​អា​ម៉េង បន្ត​នាំចូល​ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​សៀម​តាម​អំពើ​ចិត្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 February, 2016 ក+ ក-

 

ដោយ៖សហការី

​កោះ​កុ​ង៖ ស្ត្រី​ឈ្មួញ​ដ៏​មហិមា​ម្នាក់​ដែល​អ្នក​កោះកុង​ហៅថា ម៉ែ​អា​ម៉េងៗ កំពុងឡើង ចាងខាង​រកស៊ី​នាំចូល​ជង្គង់​មាន់ ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​ពី​ប្រទេស​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ខេត្តកោះកុង​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ ដោយ​ពុំមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​ ព្រោះគាត់ស្និទ្ធនឹងលោកមេគយ។

​ពលរដ្ឋ​ម្នាក់​រស់នៅក្នុង​តំបន់​ភូមិ​៤ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ត្រី​ជា​ឈ្មួញ​ឈ្មោះ ម៉ែ​អា​ម៉េងៗ នេះ បាន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​មក​ឡើង​នៅ​ផែ​ក្នុង​តំបន់​ភូមិ​៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​
​ឈ្មួញ​តូចតាច​មួយចំនួន​ក៏បាន​អះអាង​ស្រដៀង​គ្នា​ដែរ​ថា ការដែល​ម៉ែ​អា​ម៉េង ហៅ​យាយ​ប្រហិត ហ៊ាន​នាំចូល​គ្រឿងឧបភោគ​បរិភោគ​ខូចគុណភាព ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់​ដែលជា​សាច់ញាតិ​របស់ខ្លួន​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ បាន​ឲ្យ​ដឹងថា ស្លាបមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូចគុណភាព​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​តាម​ទូក​ធំៗ​នោះ ត្រូវបាន​លើកដាក់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៤៨ និង​ផ្លូវជាតិ​លេខ​៤ បន្ត​ចែកចាយ​ទៅដល់​រាជធានី​ភ្នំពេញ​យ៉ាង​សន្ធឹកសន្ធាប់​ផងដែរ​។ ប្រភព​ដដែល បាន​ឲ្យ​ដឹងថា ម៉ែ​អា​ម៉េង មាន​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់​ឈ្មោះ អាង ស្រៀ​ង ជា​ខ្នងបង្អែក​និង​ចេញមុខ​សម្របសម្រួល​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​មុខរបរ​របស់ខ្លួន​។ មន្ត្រី​កាំកុងត្រូល​មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដែល​ម៉ែ​អា​ម៉េង នាំចូល​ពី​ប្រទេស​សៀម​មក​ឡើង​នៅ​ផែ​ក្នុង​សង្កាត់​ដងទង់​នោះទេ គឺ​ពួកគេ​ពិនិត្យ​តែ​លុយ​ពុករលួយ​ដែល​ម៉ែ​អា​ម៉េង ឲ្យ​នោះ​គ្រប់​ឬ​មិន​គ្រប់​ប៉ុណ្ណោះ​។​

មន្ត្រី​គយ​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឲ្យ​ដឹងថា នៅក្នុង​ខេត្តកោះកុង​មួយរយៈ​ពេល​ចុង​ក្រោយនេះ ម៉ែ​អា​ម៉េង ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាម​អំពើ​ចិត្ត ព្រោះ​គាត់​មាន​ទំនាក់ទំនង​កាន់តែ​ស្និទ្ធ​ជាមួយ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង ទើប​អាច​នាំចូល​គ្រឿងឧបភោគ​បរិភោគ​ដូច​រៀបរាប់​ខាងលើ និង​នាំចូល​ទំនិញគេចពន្ធ​យ៉ាង​រលូន​។ ដោយសារតែ​អាង​មាន​លោក សំ កុសល និង​មន្ត្រីនគរបាល​ជើង​ទឹក​ម្នាក់ ជា​ខ្នងបង្អែក​បែបនេះហើយ ទើប​ម៉ែ​អា​ម៉េង ហ៊ាន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ក៏ដូចជា​ជើងមាន់ ជង្គង់​មាន់ សាច់មាន់ និង​ប្រហិត​ខូចគុណភាព យកមកចែក​ចាយ​ដល់​រាជធានី​ភ្នំពេញ​តែម្តង​។
​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ចំពោះ​ព័ត៌មាន​ខាងលើ​បានទេ កាលពី​ព្រឹក​ថ្ងៃទី ១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ នេះ​។​

លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់​ផង ព្រោះ​កា​បើកដៃ​ឲ្យ​ម៉ែ​អា​ម៉េង នាំចូល​ទំនិញគេចពន្ធ ត្រូវគេ​មើលឃើញថា ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​គ្រឿង​ឧបភោគបរិភោគ​ខូចគុណភាព និង​មាន​ផ្ទុក​សារធាតុ​គីមី​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​៕
2288442244557722854788