ប៉េកាំង៖រដ្ឋាភិបាលក្រុងប៉េកាំងអះអាងថា ខ្លួនបានដាក់ពង្រាយអាវុធនៅតំបន់កោះមួយដែលកំពុងមានជម្លោះ ក្នុងតំបន់សមុទ្រចិនភាគខាងត្បូង ខណៈរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក John Kerry ថ្លែងថា ការប្រើប្រាស់កម្លាំងយោធាអាចឲ្យមានមនុស្សស្លាប់នៅក្នុងតំបន់នោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ទាំងសហរដ្ឋអាមេរិក និងតៃវ៉ាន់ បានលើកឡើងថា ចិនបានដាក់ពង្រាយគ្រាប់មីស៊ីល ទៅកាន់កោះ Woody ជាប់ទៅនឹងកោះ Paracels បន្ទាប់ពី មានសេចក្តីរាយការណ៍ថា អាវុធបាញ់ពីផ្ទៃដីទៅកាន់អាកាស ត្រូវបានបញ្ជូនទៅដល់ទីនោះ កាលពីសប្តាហ៍មុន។ រដ្ឋាភិបាលទីក្រុងប៉េកាំង បានអះអាងថា គ្រប់ផ្នែកទាំងអស់ នៃកោះ Paracels ជាដែនដីរបស់ខ្លួន ទោះបីទីក្រុង Hanoi និង Taipei បានអះអាងថាវាជាតំបន់ត្រួតស៊ីគ្នាក្តី។
ក្រសួងការពារជាតិចិនបានអះអាងថា ចិនបានដាក់ពង្រាយអាវុធ ទៅកាន់ដែនកោះ អស់រយៈពេលយូរមកហើយ ប៉ុន្តែមិនបានបញ្ជាក់ឲ្យច្បាស់ថា អាវុធប្រភេទអ្វីនោះទេ។ ទន្ទឹមនោះលោករដ្ឋមន្ត្រីបានអះអាងថា ប្រទេសចិនបានសិទ្ធិស្របច្បាប់ក្នុងការដាក់ពង្រាយអាវុធការពារជាតិ នៅលើទឹកដីផ្ទាល់របស់ខ្លួន។
គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់សមុទ្រចិនភាគខាងត្បូង បានកើនឡើងយ៉ាងខ្លាំងនៅប៉ុន្មានខែថ្មីៗនេះ ចាប់តាំងពីចិនអះអាងយកតំបន់កោះ Spratly នៅភាគខាងត្បូងបន្ថែមទៀត៕