ទាហាន​ព្រំដែន​ថៃ​បាញ់សម្លាប់​យុវជន​ខ្មែរ​ម្នាក់​ពេល​ឆ្លងដែន​ចូល​ទឹកដី​ថៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 October, 2014 ក+ ក-

ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ទាហាន​ការពារ​ព្រំដែន​ថៃ ខេត្ត​សុរិន្ទ បាន​បាញ់ សម្លាប់​យុវជន​ខ្មែរ​ម្នាក់ កាលពី​ម៉ោង ៣​រសៀល​ថ្ងៃទី​២៣ តុលា នៅ ជាប់​ ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យក្នុងពេលដែល​យុវជន​ខ្មែរ​ម្នាក់​នោះ ឆ្លងដែន ​ចូលទៅក្នុង​ទឹកដី​ថៃ​។​

​អ្នកសម្របសម្រួល​សមា​គម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​លោក ស្រី ណា​រ៉េ​ន បាន​មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃ​សុក្រ ទី​២៤ ខែតុលា ថា យុវជន​ខ្មែរ​ឈ្មោះ ហេង ម៉េង​ស៊ីម អាយុ ២១​ឆ្នាំ ស្រុកកំណើត​នៅ​ភូមិ​ព្រែ​កតា​ឡៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ទៅ​ស្នាក់នៅ​រកស៊ី​នៅ​តំបន់​អូ​ស្មាច់​។ យុវជន​រូបនោះ ត្រូវ​ទាហាន​ថៃ បាញ់​ស្លាប់​នៅពេលដែល​គាត់​ព្យាយាម​ចូលទៅក្នុង​ព្រំដែន​ថៃ​។​

លោក ស្រី ណា​រ៉េ​ន​៖ «​គេ​បាញ់​ស្លាប់​ចូល​ពី​ច្រកព្រំដែន​ខ្មែរ​យើង​ទៅ ម្ដុំ​គេ​ហៅ​ភូមិ​អូរ​ខ្លាឃ្មុំ សង្កាត់​អូ​ស្មាច់ ហើយ​គេ​បញ្ជូន​សព​មកវិញ​កាលពី​ម្សិល​ម៉ោង ៩​យប់ តាម​ច្រក​អូ​ស្មាច់​។ ភាគី​ថៃ អះអាងថា យុវជន​ហ្នឹង​ចូលទៅ​លួច​ម៉ូតូ​នៅ​ទឹកដី​គេ​»​។​

​ប្រជាពលរដ្ឋ​នៅ​តំបន់​អូ​ស្មាច់ រិះគន់ថា បើទោះបីជា​ទាហាន​ថៃ បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់​ក៏ដោយ ក៏​គ្មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខ្មែរ​ណា យកចិត្តទុកដាក់​ទាម​ទារ​ឱ្យ​ទាហាន​ថៃ បង្ហាញ​ភស្តុតាង​ឱ្យ​ច្បាស់លាស់​អ្វី​ទេ ធ្វើ​ដូចជា​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​មិនមាន​តម្លៃ​។​

​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​ឧ​ត្ត​រ​មានជ័យ ឱ្យដឹងថា ក្នុង​ខែតុលា ឆ្នាំ​២០១៤ នេះ គឺ​ទាហាន​ថៃ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ ឱ្យ​រងរបួស និង​ម្នាក់​ស្លាប់​៕

Untitled-2

 

 

 

 

សពពលករខ្មែរដែលថៃបញ្ជូនមកកម្ពុជានាពេលកន្លងមក