សៀមរាប៖ កម្ពុជាបានសម្រេចចិត្តដាក់ពាក្យប្តឹងតាមផ្លូវច្បាប់ករណីដែលស្ត្រីទេសចរបរ ទេសជនជាតិ New Zealand ម្នាក់បានវាយបំផ្លិចបំផ្លាញព្រះពុទ្ធបដិមាមួយអង្គតម្កល់នៅប៉មកណ្តាលក្នុងប្រាសាទ បាយ័ន កាលពីរាត្រីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅនេះ។
លោក ជុច ភឿន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងបទសម្ភាសន៍មួយជាមួយក្រុមអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២៣ ខែតុលា បន្ទាប់ពីពិធីពុទ្ធាភិសេកព្រះពុទ្ធរូបអង្គនោះ ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅមុខរានហាលប្រាសាទបាយ័ន មុននឹងដង្ហែតាមពិធីសាសនាយកទៅតម្កល់នៅកន្លែងដើមសម្រាប់ទុកជាទីសក្ការៈនៃពុទ្ធសាស និកជនទាំងអស់។
ពិធីពុទ្ធាភិសេកព្រះពុទ្ធរូបត្រូវបានប្រារព្ធធ្វើនៅរានហាល មុខប្រាសាទបាយ័ន ដែលជាបេះដូងនៃអតីតរាជធានីអង្គរនាសម័យអាណាចក្រខ្មែរដ៏ល្បីល្បាញ ដោយមានការចូលរួមពីមន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំនួនរាប់រយរូបជាមួយនឹងគ្រឿងបូជាមានទៀនធូប ភួងផ្កា និងភ្លេងបុរាណផងដែរ។
លោកជុច ភឿន បញ្ជាក់បន្ថែមថា ករណីនេះយើងបានពិភាក្សាគ្នាផ្នែកច្បាប់រួចរាល់ហើយ គឺដាច់ខាតត្រូវតែប្តឹងទៅតុលាការ ហើយពេលនេះ រាជរដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសនូវែលសេឡង់កំពុងតែពិភាក្សាគ្នាធ្វើបត្យាប័ននាំខ្លួន ស្ត្រីដែលបានប្រព្រឹត្តទង្វើដ៏ឆោតល្ងង់នោះមកកម្ពុជា ដើម្បីធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់។
តាមរបាយការណ៍បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ស្ត្រីទេសចរជនជាតិNew Zealand ដែលកំពុងត្រូវបានប្តឹងដោយរាជរដ្ឋាភិបាលកម្ពុជានោះមានឈ្មោះ Willlemijing Vermaat អាយុ៤០ឆ្នាំ បានទៅពួនសំងំយ៉ាងអាថ៌កំបាំងនៅក្នុងបរិវេណប្រាសាទបាយ័ន រួចធ្វើសកម្មភាពច្រានព្រះពុទ្ធរូបអង្គកម្កល់នៅប៉មកណ្តាលនៃ ប្រាសាទ បាយ័ន ដើម្បីដណ្តើមយកកន្លែងសម្រាប់រូបគាត់អង្គុយសមាធិម្តង បណ្តាលឱ្យបែកបាក់ជាច្រើនបំណែក។
របាយការណ៍បង្ហាញទៀតថា កាលពីថ្ងៃទី១២ ខែតុលា អាជ្ញាធរអប្សរាបានចេញសេចក្តីបំភ្លឺមួយ ដោយផ្នែកខ្លះនៃលិខិតនោះបញ្ជាក់ថា ស្ត្រីជាជនសង្ស័យបានបាត់ខ្លួនតាំងពីល្ងាចថ្ងៃទី៩ ខែតុលា នៅម្តុំបរិវេណប្រាសាទបាយ័ន ហើយគេប្រទះឃើញគាត់នៅវេលាម៉ោងប្រមាណ៣ទៀបភ្លឺថ្ងៃទី១០ ខែតុលា នៅទិសអាគ្នេយ៍នៃប្រាសាទបាយ័ន។ កម្លាំងនគរបាលការពារបេតិកភណ្ឌ ក៏បានហៅស្ត្រីនោះទៅសួរនាំព័ត៌មាន រួចប្រគល់បន្តទៅឱ្យម្ចាស់ផ្ទះសំណាក់មកទទួលត្រឡប់ទៅវិញទាំងមិន បានដើរត្រួតពិនិត្យស្ថានការណ៍ជាមុន។ លុះព្រឹកឡើងវេលាម៉ោងប្រមាណ៦ព្រឹក ទើបមានការផ្អើលឆោឡោឡើងពីព័ត៌មានបែកបាក់ព្រះពុទ្ធរូប ក៏ប៉ុន្តែអ្វីៗបានយឺតពេលទៅហើយ ខណៈជនសង្ស័យធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាទៅប្រទេសថៃបាត់ទៅហើយ។
បន្ទាប់ពីកើតមានព្រឹត្តិការណ៍ដ៏អាក្រក់ និងជនសង្ស័យត្រូវបានរួចផុតពីការទទួលខុសត្រូវយ៉ាងដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងស្រុកទាំងនៅក្រៅប្រទេសបានចាប់អារម្មណ៍ យ៉ាងខ្លាំងជាពិសេសក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដែលពេញនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានវាយប្រហារបែបរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើ អង្គភាពអាជ្ញាធរអប្សរា ដែលមានភារកិច្ចគ្រប់គ្រងរមណីយដ្ឋានអង្គរដ៏ល្បីល្បាញមួយនេះ ក៏ប៉ុន្តែត្រូវបានគេច្រានចោលភ្លាមៗ និងទម្លាក់ការទទួលខុសត្រូវទៅឱ្យអង្គភាពនគរបាលការពារបេតិកភណ្ឌវិញ។
គួរកត់សម្គាល់ថា សកម្មភាពបំផ្លិចបំផ្លាញរូបចម្លាក់នៅតាមប្រាសាទបុរាណនៃរមណីយដ្ឋាន អង្គរ នាពេលថ្មីៗកន្លងមកនេះ ត្រូវបានរាយការណ៍ថា មាន០៤ករណីមកហើយ ករណីទី០១មានការលួចចម្លាក់ស្វាយាមទ្វារធ្វើពីថ្មភក់នៅ ប្រាសាទបន្ទាយស្រី។ លើកទី២-ក្រុមចោរលួចដាប់ព្រះភ័ក្ររូបព្រះលោកកេស្វរៈ នៅប្រាសាទតាព្រហ្ម និងលើកទី៣-កើតទ្បើងកាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៤ ដោយក្រុមចោរបានលួចកាច់ព្រះកេសព្រះពុទ្ធបដិមាតូចមួយអង្គគង់ ក្នុងថែវខាងលិចនៃប្រាសាទតាព្រហ្ម និងចុងក្រោយ គឺជាករណីស្ត្រីទេសចរបរទេសរុញច្រានព្រះពុទ្ធរូបនៅក្នុង ប្រាសាទបាយ័ននេះតែម្តង៕