លោក គោ ស៊ុំ​សារឿ​ត ៖ កម្ពុជានឹង​បង្កើត​ទីតាំង​ឲ្យ​អាជីវករ​ខ្មែរ​លក់ទំនិញ​បន្លំ​ម៉ាក​ដែល​ថៃ​ហាមឃាត់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 March, 2016 ក+ ក-

 

​ដោយ​៖ ​សុត្ថា​រ៉ូ​

​បន្ទាយ​មាន​ជ័​យ៖ លោក​អភិបាលខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី ៦ ខែមីនា​នេះ​បាន​ប្រាប់ថា ​អាជ្ញាធរខេត្ត​នឹង​ខិតខំ​រក​ទីតាំង​ដើម្បី​បង្កើតជា​ផ្សារ​មួយកន្លែង​នៅ​ខាង​ទឹកដី​ខ្មែរ​សម្រាប់​ឲ្យ​អាជីវករ​ខ្មែរ​លក់ដូរ​ទំនិញ​ដែល​ចម្លង​កម្មសិទ្ធិបញ្ញា ឬ​បន្លំ​ម៉ាក​ដែល​អាជ្ញាធរ​ថៃ​ហាមឃាត់​ការលក់​នៅក្នុង​ផ្សារ​រ៉ុង​ក្លឿ​ប្រទេស​ថៃ​។​

​ការលើកឡើង​របស់លោក​អភិបាល​បែបនេះ បន្ទាប់ពី​អាជ្ញាធរ​ថៃ​បាន​ចុះ​ត្រួតពិនិត្យ និង​ចាប់​ទំនិញ​របស់​អាជីវ​ករ​ខ្មែរ​នៅក្នុង​ផ្សារ​រុង​ក្លឿ​ប្រទេស​ថៃ តាម​សាលដីកា​របស់​តុលាការ​ថៃ ទាក់ទង​នឹង​ការចម្លង​ម៉ាក​ទំនិញ​ដែល​ថៃ​អះអាងថា​ចម្លង​កម្មសិទ្ធិ​បញ្ញា​ខុសច្បាប់​។

កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៦ អាជ្ញាធរ​ថៃ​ក៏បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​លួច​កម្មសិទ្ធិបញ្ញា ឬ​បន្លំ​ម៉ាក​យីហោ​នៅ​ផ្សារ​រុង​ក្លឿ​ម្ដង​ដែរ ដែល​នៅពេលនោះ​ក្រុមអាជីវករ​បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​ថៃ ហើយ​អាជីវករ​ព្រួត​គ្នា​វាយ​បណ្ដាល​ឲ្យ​រថយន្ត ១​គ្រឿង​ខូច​ខាត់ និង​អាជីវករ​ពីរ​នាក់ ត្រូវ​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនទៅ​វិនិច្ឆ័យ​ទោស​នៅ​តុលាការខេត្ត​ស្រះកែវ​ផងដែរ​។​

​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក គោ ស៊ុំ​សារឿ​ត បាន​បញ្ជាក់ថា បន្ទាប់ពី​មាន​ជំនួប​ចរចា​រវាង​អាជ្ញាធរ​ខ្មែរ​ជាមួយនឹង​អាជ្ញាធរខេត្ត​ស្រះកែវ​របស់​ថៃ គេ​បានសម្រេច​ផ្អាក​ការត្រួតពិនិត្យ​ទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ និង​ទុកពេល ២ ខែ ដើម្បី​ឲ្យ​អាជីវករ​ខ្មែរ​នៅ​ទីនោះ​លក់ទំនិញ​ហាមឃាត់​នោះ​ឲ្យ​អស់ និង​កុំ​ឲ្យ​មានការ​នាំទៅ​លក់​បន្ថែមទៀត​។​លោក​បន្ថែមថា បន្ទាប់ពី​មានការ​ចរចារ​មកដល់​ព្រឹក​នេះ​សភាពការណ៍​ក្នុង​ផ្សារ​រុង​ក្លឿ មាន​ភាពល្អ​ឡើងវិញ ហើយ​អាជីវករ​មួយចំនួន​ក៏បាន​បន្ត​ការលក់ដូរ​ដែរ​។​

​គួររំឭកថា កាលពី​ថ្ងៃទី ៥ ខែមីនា ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ណែនាំ​ឲ្យ​អាជីវករ​ខ្មែរ​បញ្ឈប់​ការលក់ដូរ​ទំនិញ​ចម្លង​ម៉ាក​ដែលមាន​កម្មសិទ្ធិបញ្ញារ​បស់​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងទៀត និង​យក​ទំនិញ​ទាំង​នោះមក​ទុក​នៅក្នុង​ទឹកដី​កម្ពុជា​វិញ​ដើម្បី​ជៀសវាង​ការកើតមាន​បញ្ហា​ជាមួយ​អាជ្ញាធរ​ថៃ​៕

1ap1អាជីវករខ្មែរនៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ (​រូបថត៖បាងកកប៉ុស្តិ៍)