រុស្ស៊ី​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជាមួយ​កូរ៉េខាងជើង​អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ខ្ពស់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 March, 2016 ក+ ក-

​មូ​ស្គូ​៖​ក្រសួងការបរទេស​រុស្ស៊ី​បាន​ចេញមុខ​ប្រកាសថា ការគំរាមកំហែង​រប​ស់​កូរ៉េខាងជើង ដោយ​ប្រើ​នុយក្លេអ៊ែរ​បែបនេះ រុស្ស៊ី​មិនអាច​ទទួលយក​បានឡើយ ។ ទន្ទឹម​នោះ​ក៏​អំពាវនាវ​ភាគី​ទាំងអស់​ក្នុងនោះ​កូរ៉េខាងត្បូង អាមេរិក និង​កូរ៉េខាងជើង ត្រូវតែ​អត់ធ្មត់ និង​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត ដើម្បី​ការពារ​ពី​ការផ្ទុះ​ជម្លោះ​ប្រដាប់អាវុធ​។​
​ស្ថានភាព​នៅពេលនេះ​ងាយ​នឹង​បង្ក​ជា​ជម្លោះ ក្រោយពី​កូរ៉េខាងជើង​ចាប់ផ្ដើម​សាកល្បង​បាញ់​អាវុធ​នុយក្លេអ៊ែរ​ជាថ្មី ដើម្បី​ឆ្លើយតប​នឹង​ការដាក់ទណ្ឌកម្ម​ពី​អង្គការសហប្រជាជាតិ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​ពី​ក្រសួងការបរទេស​រុស្ស៊ី​។ យ៉ាងណាក៏ដោយ ក្រសួងការបរទេស​រុស្ស៊ី​នឹង​ពិចារណា​ក្នុង​សេចក្ដីថ្លែងការណ៍​របស់ កូរ៉េខាងជើង​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​នឹង​សត្រូវ​។ ក្រសួងការបរទេស​រុស្ស៊ី​ថា ទីក្រុង​ព្យុងយ៉ាង​ត្រូវតែ​ដឹងថា​ការធ្វើសកម្មភាព​អ​ត្តោ​ម័ត​តែឯង អាចធ្វើឱ្យ​ខ្លួន ជា​ប្រទេស​ឯក​កោ​កាន់តែ​ឆ្ងាយ​ពី​សហគមន៍​អន្តរជាតិ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កូរ៉េខាងជើង​នឹង​ទទួល​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​ពី​អន្តរជាតិ​បន្តបន្ទាប់ ទៀត​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្មីៗ​នេះ កូរ៉េខាងជើង​បាន​គំរាម​ប្រើ​នុយក្លេអ៊ែរ​ប្រឆាំងនឹង​កូរ៉េខាងត្បូង និង​អាមេរិក បន្ទាប់ពី​អាមេរិក​-​កូរ៉េខាងត្បូង​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ កាលពី​ថ្ងៃទី​០៧​មីនា ដោយមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ជាង​ឆ្នាំមុនៗ ដោយមាន​វត្តមាន​កង​ទ័ព​កូរ៉េខាងត្បូង​៣​សែន​នាក់​និង​កងទ័ព​អាមេរិក​១៥,០០០ នាក់​៕

444