ហ្វីលីពីន៖រដ្ឋាភិបាលក្រុងម៉ានីលគ្រោងជួលយន្ដហោះចម្បាំង៥គ្រឿងពីប្រទេសជប៉ុន ដើម្បីជួយសម្រួលក្នុងត្រួតពិនិត្យនៅដែនជម្លោះក្នុងសមុទ្រចិនខាងត្បូង។នេះបើតាមការចុះផ្សាយព័ត៌មានលើគេហទំព័រChannel News Asia។
លោកប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino បានប្រកាសកាលពីម្សិលមិញថា លោកបានធ្វើរឿងជាច្រើនដើម្បីកសាងសមត្ថភាពកងទ័ពជើងអាកាស។ លោកបញ្ជាក់ថា ក្នុងនោះ មានទាំងការបង្កើនចំនួនយន្ដហោះនិងឧទ្ធម្ភាគចក្រ ដើម្បីចល័តទ័ព ផ្គត់ផ្គង់ទ័ព និងការពារព្រំដែនទឹក។ការប្រកាសរបស់លោកប្រធានាធិបតី Aquino ធ្វើឡើងនៅមូលដ្ឋានទ័ពអាកាសភាគខាងត្បូងក្រុងម៉ានីល។
លោកប្រធានាធិបតីហ្វីលីពីនរូបនេះបានឲ្យដឹងទៀតថា ជាមួយការខិតខំកសាងសមត្ថភាពទ័ពអាកាស ក៏មានផងដែរនូវការជួលយន្ដហោះប្រភេទTC-90ចំនួន៥គ្រឿងពីជប៉ុន ដើម្បីជួយសម្រួលដល់កងទ័ពជើងទឹកក្នុងការល្បាតនៅតាមដែនអធិបតេយ្យ ហ្វីលីពីន។ ជាពិសេសគឺការល្បាតនៅសមុទ្រហ្វីលីពីនភាគខាងលិច ដោយសម្ដៅទៅលើប្រជុំកោះស្ព្រាតលីក្នុងសមុទ្រចិនខាងត្បូង៕