ភ្នំពេញ៖គិតមកដល់ថ្ងៃទី២៨ ខែតុលានេះ អស់រយៈពេលជាងមួយសប្ដាហ៍កន្លងមក ហើយដែលក្រុម កម្មកររោងចក្រកាត់ដេរសីងតាយហ្គាមិន (XING TAI GARMENT ) បានបន្តធ្វើបាតុកម្មទាមទារលក្ខ ខណ្ឌការងារ ៣៤ចំណុច ប៉ុន្តែមិនទាន់មានដំណោះស្រាយឡើយ។
ប្រភពព័ត៌មានបារាយការណ៍ថា ក្រុមកម្មករបម្រើការរោងចក្រកាត់ដេរសីងតាយហ្គា មិន (XING TAI GARMENT ) ប្រមាណជិតមួយពាន់នាក់ មានទីតាំងជាប់ផ្លូវណត្សប្រីដស្ថិត ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ គិតមកដល់ថ្ងៃទី២៨ ខែតុលានេះ បានបន្តធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារ ៣៤ចំណុច អស់រយៈពេលជាងមួយសប្ដាហ៍មកហើយ តែភាគីចាងរោងចក្រមិនចេញមុខដោះស្រាយ នៅឡើយ។
គួរំលឹកថា គោលដៅនៃការស្នើសុំរបស់ក្រុមកម្មករទាំងអស់គឺការស្នើសុំឲ្យមានការផ្ដល់ប្រាក់ថ្លៃបាយ ថ្ងៃត្រង់ចំនួន ៤០០០ រៀល ក្នុងមួយថ្ងៃ និងថ្លៃបាយបន្ថែមម៉ោងពេលល្ងាចចំនួន ២០០០ រៀល ព្រម ទាំងថ្លៃឈ្នួលធ្វើដំណើរ និងស្នាក់នៅចំនួន១០ ដុល្លារ ប្រាក់លើកទឹកចិត្ត ១៥ ដុល្លារ ក្នុងមួយខែ និងលុយព្រីម ៥ដុល្លារប្រចាំខែទៀតផង។
ប្រធានសហព័ន្ធសហជីពសហប្រតិបត្តិការដើម្បីកម្ពុជា លោក អ៊ូ សុខហេង ដែលកំពុងដឹកនាំកម្មករធ្វើបាតុកម្ម បានប្រាប់ឲ្យដឹងថា បាតុកម្មបានធ្វើឡើងដោយសារតែមានការរំលោភបំពានសិទ្ធិការងារ និងការកេងប្រវ័ញ្ចពលកម្មពីសំណាក់លោកថៅកែក្រុមហ៊ុន។លោកថា កម្មករបានធ្វើការតវ៉ាអស់រយៈពេលជាងមួយសប្ដាហ៍កន្លងមកហើយ គឺចាប់ផ្ដើមតាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ មកដល់ថ្ងៃនេះ មិនទាន់មានដំណោះស្រាយជូនកម្មករមួយចំណុចណាឡើយ។លោកថា នៅថ្ងៃម្សិលមិញឃើញខាងមន្ត្រីមកពីក្រសួងការងារ ចុះមកជួបជាមួយខាងក្រុមហ៊ុនដែរ តែគ្មានដំណោះស្រាយអ្វីឡើយ៕