ហ្វីលីពីន៖រដ្ឋាភិបាលហ្វីលីពីនបានព្រមព្រៀងគ្នាថ្មីមួយទៀតជាមួយសហរដ្ឋអាមេរិកដើម្បីបង្កើតមូលដ្ឋានយោធាចំនួន៥ទីតាំងនៅលើប្រជុំកោះហ្វីលីពីន។ ក្នុងនោះមានមូលដ្ឋានទ័ពមួយស្ថិតនៅលើកោះ ប៉ាឡាវ៉ាន់ដែលមានទីតាំងនៅជិតប្រជុំកោះ ស្ត្រាតលី ជាប់ជម្លោះជាមួយចិនក្នុងសមុទ្រចិនខាងត្បូង។
មូលដ្ឋានទ័ពចំនួន៥ នឹងទទួលស្វាគមន៍កងកម្លាំងសម្ព័ន្ធមិត្តហ្វីលីពីន-អាមេរិក ដ៏ខ្លាំងក្លាដើម្បីធានាគ្រប់គ្រងសន្តិសុខនិងការពារជាតិឱ្យគ្នាទៅវិញទៅមក។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសហ្វីលីពីន។
គួរបញ្ជាក់ថា នៅក្នុងចំណោមមូលដ្ឋានយោធាទាំង៥ ដែលទាហានអាមេរិកអាចប្រើប្រាស់បាន មួយស្ថិតនៅលើកោះ ប៉ាឡាវ៉ាន ភាគខាងលិច ដែលនៅប្រឈមចំពីមុខសមុទ្រចិនខាងត្បូងតែម្តង។ ចំណែកមូលដ្ឋានទ័ពមួយទៀត ឈ្មោះ បាសា នៅភាគខាងជើងក្រុងម៉ានីលវិញ ក៏ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីដែនទឹក ដែលបណ្តាប្រទេសក្នុងតំបន់ រាប់ទាំងហ្វីលីពីន មានជម្លោះជាមួយចិន៕