ភ្នំពេញ៖ប្រជាពលរដ្ឋប្រមាណ ៣០នាក់ បាន មកតវ៉ានៅក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ តុលា។ពួកគាត់ចោទថាក្រុមហ៊ុនឈ្មោះ អេភី ធីអែសអ៊ី & ស៊ី ខេមបូឌា រីសសស៍ (AP TSE & C Cambodia Resources) បានបោកប្រាស់យកប្រាក់ពីពួកគាត់ម្នាក់ៗអស់រាប់រយដុល្លារ ដោយសន្យាថានឹងរកការងារឲ្យពួកគាត់ធ្វើនៅប្រទេសថៃ បានកម្រៃខ្ពស់។
ប្រជាពលរដ្ឋមកពីខេត្តចំនួន៦ ដែលអ្នកខ្លះមកពីខេត្តព្រះសីហនុ កោះកុង តាកែវ ព្រៃវែង កំពង់ធំ និងខេត្តកំពត បាននាំគ្នាមកទាមទារនៅទីស្នាក់ការក្រុមហ៊ុន ឲ្យក្រុមហ៊ុនសងប្រាក់ដល់ពួកគាត់វិញ ដោយពួកគាត់អះអាងថា ក្រុមហ៊ុនមិនបានរកការងារឲ្យពួកគាត់បានធ្វើតាមការសន្យាឡើយ។
ក្រុមអ្នកទាមទារបានឲ្យដឹងថា ពួកគាត់បានចំណាយប្រាក់ម្នាក់ៗចាប់ពី ២៥០ដុល្លារឡើងទៅ ហើយពួកគាត់ភាគច្រើនបានចងការប្រាក់គេ។ បន្ទាប់ពីបានបង់ប្រាក់ហើយ ក្រុមហ៊ុនបានហៅពួកគាត់ឲ្យធ្វើដំណើរមកភ្នំពេញជាច្រើនលើកច្រើនសា ដែលធ្វើឲ្យពួកគាត់ចំណាយប្រាក់កាន់តែច្រើនបន្ថែមទៀត។
លោក មន សុភី មកពីស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ថ្លែងថា លោកកំពុងរៀបចំដាក់ពាក្យបណ្ដឹងចំពោះក្រុមហ៊ុនពីបទឆបោក៖ «ខ្ញុំ បានចុះឈ្មោះធ្វើការទៅប្រទេសថៃ។ ដល់ពេលរួចហើយ បែរជាប្រែក្រឡាស់វិញអត់បានទៅធ្វើវិញ ព្រោះថាគេនិយាយអត់ស្មោះត្រង់។ គេសន្យាថារយៈមួយខែកន្លះទៅពីរខែ តែឥឡូវមានបងប្អូនខ្លះឡើងរហូតដល់ ៥-៦ខែក៏មិនទាន់បានទៅដែរ។ ដូច្នេះ ខ្ញុំអត់ទុកចិត្ត ក៏ខ្ញុំសម្រេចចិត្តដកពាក្យវិញ ហើយដល់ពេលខ្ញុំដកពាក្យវិញ គេកាត់លុយខ្ញុំចំនួន ១៥០ដុល្លារ។ ទាំងអស់ ២៥០ដុល្លារ គេដក ១៥០ដុល្លារ នៅសល់ ១០០ដុល្លារ ហើយ ១០០ដុល្លារហ្នឹងក៏គេមិនទាន់ឲ្យដែររយៈពេលខែ១១ ថ្ងៃទី១០ បានគេឲ្យ»។
ចំណែកយុវជនដែលបានទៅដល់ប្រទេសថៃ ហើយទើបតែត្រឡប់មកវិញជាមួយគូកនមួយចំនួន លោក វន សៅ រស់នៅស្រុកគិរីវង់ ខេត្តតាកែវ អះអាងថា តម្លៃពលកម្ម និងលក្ខខណ្ឌការងារមិនដូចការដែលក្រុមហ៊ុនសន្យាទេ គឺពុំមានការងារអ្វីប្រាកដប្រជាសម្រាប់ពួកគាត់ឡើយ។ លោក វន សៅ ប្ដឹងក្រុមហ៊ុនពីបទឆបោក និងកេងប្រវ័ញ្ចកម្លាំងពលកម្ម៖ «ក្រុមហ៊ុន អត់មានការទទួលខុសត្រូវចំពោះពួកខ្ញុំ។ អត់យកចិត្តទុកដាក់ ក៏អត់មានមើលការខុសត្រូវឲ្យបានជាប់លាប់។ ពេលពួកខ្ញុំធ្វើការហើយបានចំនួន ១០ថ្ងៃហ្នឹង ឲ្យពួកខ្ញុំសម្រាក អត់មានការងារធ្វើ។ ពេលក៏មានរួចទៅហៅទៅធ្វើកន្លែងផ្សេង មួយថ្ងៃអ៊ីចឹងមកក៏សម្រាក អ៊ីចឹងពួកខ្ញុំក៏អត់ព្រមក៏មកតវ៉ា»។
ទាក់ទងនឹងការចោទប្រកាន់នេះ បុគ្គលិកក្រុមហ៊ុនម្នាក់ដែលបដិសេធមិនឲ្យថតសំឡេង បានបញ្ជាក់នៅខាងមុខក្រុមហ៊ុនថា គ្មានករណីដូចការលើកឡើងនេះទេ។
ក្រុមហ៊ុន អេភី ធីអែសអ៊ី & ស៊ី ខេមបូឌា រីសសស៍ មានទីតាំងនៅផ្ទះលេខ៣៤ ផ្លូវលេខ៧ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងបុរីពិភពថ្មី២។ នៅលើស្លាកក្រុមហ៊ុន មានសរសេរថា ទីស្នាក់ការជ្រើសរើស និងបញ្ជូនពលករពលការិនីទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។
ទោះយ៉ាងណាក្ដី មន្ត្រីកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ហៅកាត់ថា ស៊ីអិលអ៊ីស៊ី (CLEC) លោក ឌីខេ ហូយ៉ា មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមហ៊ុនគ្មានចំណុចណាដែលបង្ហាញឲ្យឃើញថាស្របច្បាប់ នោះឡើយ៖ «អ្នកដែលមកពីកំពង់ធំ កោះកុង អីផ្សេងៗហ្នឹង គឺខាងក្រុមហ៊ុនណាត់គាត់ថាត្រូវចេញយប់ហ្នឹង ក៏ប៉ុន្តែពេលមកដល់ក្រុមហ៊ុន គឺក្រុមហ៊ុនប្រាប់ថាគ្នាតិចពេកអត់បានចេញទេ ហើយក៏គាត់ត្រឡប់ទៅវិញ។ នេះជាការធ្វើការរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុននេះមិនមែនត្រឹមតែរឿងប៉ុណ្ណឹងទេ បើតាមខ្ញុំយកព័ត៌មាន និងសាកសួរអ្នកជិតខាងហ្នឹង គេថាមានមនុស្សដែលតវ៉ាច្រើនណាស់ទាក់ទងនឹងការបញ្ជូនទៅមិនសម បំណង យកទៅដាក់ចោលក៏ដូចជាសន្យាថានឹងនាំទៅ ប៉ុន្តែមិនបាននាំទៅអីអ៊ីចឹងទៅ ហើយមានករណីដូចជាថានាំទៅស្របច្បាប់ ក៏ប៉ុន្តែមិនបានស្របច្បាប់អីទេ ទៅក្រៅផ្លូវការ ហើយមិនមានប៉ាសស្ព័រអីអ៊ីចឹងជាដើមបាទ»។
លោក ឌីខេ ហូយ៉ា បានផ្ដាំឲ្យប្រជាពលរដ្ឋទូទៅ មានការប្រយ័ត្នប្រយែង និងស្វែងយល់ឲ្យបានច្បាស់ មុននឹងពួកគាត់ជឿទុកចិត្ត ហើយពឹងពាក់ឲ្យក្រុមហ៊ុនណាមួយជួយរកការងារឲ្យធ្វើជាពលករចំណាក ស្រុកនោះ៕
ស្វែងរកការងារមកទាមទារប្រាក់របស់ពួកគាត់វិញពី ក្រុមហ៊ុន អេភី ធីអែសអ៊ី & ស៊ី ខេមបូឌា រីសសស៍ (AP TSE & C Cambodia Resources) នាខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤។