សេអ៊ូល៖សកម្មជនកូរ៉េខាងត្បូងជាច្រើនអ្នកបានបង្ហោះខិតប័ណ្ណប្រឆាំងកូរ៉េខាងជើងឡើងវិញ នៅតំបន់ ព្រំដែនកូរ៉េទាំងពីរដើម្បីរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល លោក គីម ជុងអ៊ុន គ្រាដែលស្ថានការណ៍កំពុងមានភាពតានតឹង។ នេះបើតាមការផ្សាយ សារព័ត៌មាន Channel News Asia។
សកម្មជនកូរ៉េខាងត្បូងដែលជាក្រុមប្រមូលផ្តុំទៅដោយ អ្នកប្រឆាំងរបបផ្តាច់ការកូរ៉េខាងជើងនោះ បានរៀបចំខិតប័ណ្ណប្រមាណជា ១០០,០០០សន្លឹក ដាក់ច្រកចូលទៅក្នុងបាឡុង រួចបង្ហោះចូលទៅក្នុង ទឹកដីកូរ៉េខាងជើងកាលពីថ្ងៃចន្ទ ម្សិលមិញ ស្ថិតនៅតាមតំបន់ព្រំដែនដែលកំពុងតែតានតឹងខ្លាំង បំផុតរវាងកូរ៉េទាំងពីរ។
ក្នុងខិតប័ណ្ណនោះមានសរសេរថា «បាញ់អណ្តាតភ្លើងដ៏ឥតមេត្តាមួយនេះ ឲ្យចំមនុស្សអះអាង ខ្លួនឯងជាបុរសនុយក្លេអ៊ែរដូច គីម ជុងអ៊ុន» ឬក៏ «យើងចង់បានក្បាលរបស់ គីម ជុងអ៊ុន។»
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានថា ខ្លួនបានត្រៀមគ្រាប់នុយក្លេអ៊ែរ និង មីស៊ីលរួចរាល់ហើយដើម្បីកម្ទេចទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនឲ្យក្លាយជាផេះនៅពេលណាក៏បាន៕