ខេត្តកំពង់ចាម៖ គ្រោះអគ្គិភ័យមួយបានឆេះបំផ្លាញផ្ទះរបស់ប្រជាពល រដ្ឋមួយខ្នងទាំង ស្រុងកាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទីន ខេត្តកំពង់ចាមដោយសារភ្លើងធូបដែលម្ចាស់ផ្ទះអុជនៅអាសនៈថ្ងៃសីល ហើយផ្កា ភ្លើងបានធ្លាក់បង្កជាអគ្គិភ័យរាលដាលតែម្តង។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើឈ្មោះ ស៊ីម ផា អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ងឹម មុត អាយុ៥៤ឆ្នាំ អ្នកទាំងពីររស់នៅន្លែងកើតហេតុខាងលើ។ ប្រភពបន្តថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានអុជធូបកន្លែងអាសនៈរបស់ខ្លួនដែលរៀបចំមានបាយសី និងកំប៉ុងជើងធូបដ៏ធំជាច្រើនថ្នាក់ សំពីងសំពោង ហើយក្រោយពីអុជធូបរួចម្ចាស់ផ្ទះក៏បាននាំគ្នាមកអង្គុយពុះអុសនៅខាងមុខផ្ទះ សន្ទុះកក្រោយមកស្រាប់តែឃើញមានអណ្តាតឆាបឆេះពីកន្លែងអាសនៈនោះហើយរាលដាលឆេះផ្ទះអស់ទាំងមូលតែម្តង។
ប្រភពបន្តថា ខណៈភ្លើងកំពុងឆេះនោះគ្មានអ្នកជិតខាងណាម្នាក់ហ៊ានចូលជួយរំដោះយកអីវ៉ាន់នោះ ឡើយ ហើយក៏គ្មានលទ្ធភាពជួយពន្លត់ភ្លើងនោះដែរព្រោះគ្មានមធ្យោបាយទើបបណ្តោយឲ្យភ្លើង បញ្ចេញអំណាចយ៉ាងសន្ធោសន្ធៅឆេះបំផ្លាញផ្ទះអស់ទាំងស្រុងតែប៉ុន្មាននាទីប៉ុណ្ណោះ។ទោះជាយ៉ាងនេះក្តី ក៏អគ្គិភ័យមិនបណ្តាលឲ្យមានការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។ប្រភព ដដែលបន្តថា ស្ត្រីជាម្ចាស់ផ្ទះបានរងរបួសជាទម្ងន់ដោយសារត្រូវភ្លើងឆេះរោលខណៈគាត់បានព្យាយាមរត់ឡើងទៅយកវត្ថុមានតម្លៃនៅលើផ្ទះក្នុងពេលភ្លើងកំពុងឆេះ ប៉ុន្តែសំណាងល្អស្ត្រីចំណាស់រូបនេះបានរួចផុតជីវិតពីអណ្តាតភ្លើងដោយសារមានកូនប្រុសរបស់គាត់រត់ទៅរំដោះគ្រាហ៍គាត់ចេញពីអណ្តាតភ្លើងទាំងព្រលឹងចុងសក់។
តាមរបាយការណ៍ដំបូងបង្ហាញថា ទំហំនៃការឆេះខូចខាតរួមមាន៖ ប្រាក់រៀល១២លាន៥សែនរៀល, ខ្សែកមាស៣ខ្សែ ទម្ងន់៣តម្លឹងកន្លះ, ខ្សែកប្លាទីន១ខ្សែទម្ងន់១តម្លឹងកន្លះ, ខ្សែដៃ ផ្លាទីន១តម្លឹង, ម៉ាស៊ីនបូមទឹក១គ្រឿង, ម៉ាស៊ីនកាត់ស្មៅ១ និងសម្ភារមួយចំនួនទៀត។
អ្នកភូមិបានប្រាប់ថា ក្រោយកើតហេតុភ្លាមៗរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត ក៏បានចេញដំណើរមកជួយបាញ់បាញ់ពន្លត់ផងដែរ ពីព្រោះនៅកន្លែងកើតហេតុមានចំងាយ ប្រមាណ៣០គីឡូម៉ែត្រពីខេត្ត ប៉ុន្តែអ្វីដែលមានការលំបាកនោះគឺផ្លូវ និងស្ពានតូចជាហេតុធ្វើឲ្យរថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់កន្លែងកើតហេតុនោះឡើយ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខាងលើនេះបានរស់នៅយ៉ាងលំបាកអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ ព្រោះក្រៅពីរងគ្រោះដោយសារទឹកជំនន់ដែលកើតមានស្ទើររាល់ឆ្នាំ គឺផ្លូវលំមួយខ្សែដែលជាសរសៃឈាមដ៏សំខាន់សម្រាប់ជីវភាពរស់នៅរបស់អ្នកស្រុកជាច្រើនភូមិខាងលើត្រូវគេបោះបង់ចោលមិនស្ថាបនាឡើយ ។កុំថាឡើយរដូវវស្សា សម្បីតែរដូវប្រាំងក៏រថយន្តធនតូចមិនអាចឆ្លងកាត់ភូមិសាស្ត្រនោះបានដែរហើយការដឹកជញ្ជូនភាគច្រើនគេប្រើប្រាស់រទេះសេះជាមធ្យោបាយ៕ជំនិត
អុជធូបថ្ងៃសីលបង្កជាអគ្គិភ័យឆេះអស់ផ្ទះមួយខ្នងនៅស្រុកកោះសូទិន