កូរ៉េខាងជើង បើកសមាជបង្ហាញពីនយោបាយអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ
ព្យុងយ៉ាង៖លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើង នឹងប្រកាសចេញនូវនយោបាយដឹកនាំដ៏ច្បាស់លាស់មួយអំឡុងពេលសមាជកំពូលរបស់គណបក្សនៅខែឧសភាខាងមុខនេះ។ សមាជបែបនោះត្រូវបានគេអះអាងថា មិនធ្លាប់មានទេក្នុងរយៈពេល ៣៦ឆ្នាំមកហើយ។
អ្នកជំនាញខាងវិភាគស្ថានការណ៍កូរ៉េខាងជើង នៅកូរ៉េខាងត្បូងបានអះអាងទៀតថា កូរ៉េខាងជើងទំនង ជានឹងប្រារព្ធសមាជកំពូលដ៏កម្របំផុតនោះឡើង ដើម្បីបង្ហាញពីការប្តេជ្ញាអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និង សេដ្ឋកិច្ចស្របពេលជាមួយគ្នាតែម្តង។ វាក៏ជាការបង្ហាញពីសម័យកាលដឹកនាំរបស់ត្រកូល គីម ជំនាន់ទីបី សម្រាប់សមាជបក្សលើកទី៧ ដើម្បីបង្ហាញថា កូរ៉េខាងជើងនៅតែប្រកបដោយជោគជ័យ និង ភាពត្រចះត្រចង់ ជានិច្ចក្រោមការដឹកនាំរបស់ត្រកូលគីម៕