ឥណ្ឌា៖យោងតាមសារព័ត៌ India Today បានផ្សាយថា មនុស្សចំនួន២១នាក់បានស្លាប់ និង៨៥នាក់រងរបួសក្នុងហេតុការណ៍បាក់ស្រុតសំណង់ស្ពានអាកាសមួយកន្លែង នៅទីក្រុងកុលកាតា រដ្ឋ West Bengal ប្រទេសឥណ្ឌាកាលពីរសៀលថ្ងៃទី៣១ ខែមិនាម្សិលមិញ។
ឧប្បត្តិហេតុនេះបានកើតឡើងក្នុងតំបន់ក្បែរសួន Girish Park ជាសង្កាត់មួយដែលមានមនុស្សរស់នៅច្រើន មានច្រកផ្លូវតូចចង្អៀត មានហាងលក់ទំនិញនិងផ្ទះសង់ជាប់ៗគ្នា។ ស្ពានអាកាសបាក់ស្រុតខាងលើមានប្រវែង ១,២ម៉ាយ (២គីឡូម៉ែត្រ) និងស្ថិតក្រោមការសាងសង់ចាប់តាំងពីឆ្នាំ២០០៩ និងមិនទាន់សង់រួចរាល់ជាស្ថាពរនៅឡើយរហូតមកដល់បច្ចុប្បន្ន។
ទោះជាយ៉ាងណា មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេពីមូលហេតុដែលបណ្ដាលឲ្យបាក់ស្រុតសំណង់ស្ពានអាកាសនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនIVRCL ដែលទទួលបន្ទុកម៉ៅការសាងសង់ស្ពានខាងលើ បានឲ្យដឹងថាពួកគេនឹងសហការជាមួយក្រុមស៊ើបអង្កេតដើម្បីរកមូលហេតុឲ្យឃើញ៕