ប៉ាគីស្ថាន៖មនុស្សចំនួន៥៣នាក់បានស្លាប់ និងជាង៦០នាក់ផ្សេងទៀតរងរបួសដោយសារភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាននិងនៅដែនដីកាស្មៀរ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ប្រភពដដែកបន្តថា ភ្លៀងធ្លាក់ខ្លាំងនោះនៅក្នុងខេត្ត Khyber Pakhtunkhwa និងនៅជ្រលងភ្នំ Neelam បណ្តាលឲ្យបាក់ស្រុតដី ហើយផ្ទះប្រជាពលរដ្ឋមួយចំនួនត្រូវបាក់រលំនិងទឹកលិចដល់ដំបូល។
របាយការណ៍សមត្ថកិច្ចក៏បានបញ្ជាក់ថាក្នុងចំណោមអ្នកស្លាប់៥៣នោះមានកុមារចំនួន៥នាក់និងស្ត្រីចំនួន៣នាក់។
គួរបញ្ជាក់ថា អាកាសធាតុប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយបានសម្លាប់ប្រជាជនប៉ាគីស្ថានរាប់រយនាក់ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុនភ្លៀងបានសម្លាប់មនុស្សអស់៨១នាក់និងបានធ្វើឲ្យប៉ះពាល់ដល់មនុស្សប្រមាណ៣០០ ០០០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន៕