ឥណ្ឌា៖ចំនួនអ្នកស្លាប់ដោយសាររលកកម្ដៅខ្លាំងនៅភាគខាងត្បូងនៃប្រទេសឥណ្ឌាបានកើនឡើងដល់ ១១១នាក់ ក្នុងនោះភាគច្រើនស្លាប់ដោយសារខ្សោះជាតិទឹកនៅក្នុងខ្លួន និងគាំងបេះដូង។ នេះបើយោងតាមសារព័ត៌មាន India Times ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសានេះ។
តាមការព្យាករណ៍អាកាសធាតុបានឲ្យដឹងថា រលកកម្ដៅនៅក្នុងរដ្ឋ Telangana និង Andhra Pradesh ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានកើនឡើងដល់ ៤៥អង្សាសេ ដែលបណ្ដាលឲ្យមនុស្សនៅក្នុងរដ្ឋទាំងពីរនេះ ស្លាប់ប្រមាណជា ១១១នាក់ ហើយបើសិនជារលកកម្ដៅនេះ មិនអន់ថយនោះទេ អាចនឹងបណ្ដាលឲ្យមានមនុស្សស្លាប់បន្តទៀត។ បើតាមអ្នកជំនាញបានបញ្ជាក់ថា ការឡើងកម្ដៅនេះ អាចបណ្ដាលមកពីបាតុភូតអាកាសធាតុ El Nino។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ កន្លងទៅនេះ ប្រទេសឥណ្ឌា ក៏បានជួបប្រទះនូវបាតុភូតធម្មជាតិរលកកម្ដៅខ្លាំងនេះផងដែរ ដោយបានសម្លាប់មនុស្សជាង ២,០០០នាក់៕