អាមេរិក៖រដ្ឋាភិបាលអាមេរិកគ្រោងនឹងបញ្ជូនកងទ័ពចំនួន២០០នាក់ និងសព្វាវុធទំនើបមួយចំនួនបន្ថែមទៀតទៅកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋឥស្លាម ។ នេះបើយោងតាមការផ្សាយពីបណ្តាញសារព័ត៌មាន BBC។
ជាមួយនឹងកងទ័ពបន្ថែមទៀតនេះ អាមេរិកក៏នឹងបញ្ជូនឧទ្ធម្ភាគចក្រចម្បាំង Apache ទៅកាន់ប្រទេសអ៊ីរ៉ាក់ជាលើកដំបូងផងដែរសម្រាប់ប្រឆាំងនឹងក្រុមរដ្ឋឥស្លាមនៅប្រទេសនេះ ដែលធ្វើឡើងឲ្យចំនួនបុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ឡើងដល់ប្រហែល៤១០០នាក់។
ការប្រកាសបញ្ជូនកងទ័ពបន្ថែមរបស់សហរដ្ឋអាមេរិកនេះត្រូវបានប្រកាសដោយរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Ash Carter អំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងបាដាដដែលជាកន្លែងលោកជួបជាមួយក្រុមមន្ត្រីយោធាអាមេរិកនិងនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi។ ទន្ទឹមនោះលោក Carter បានថ្លែងថា ឧទ្ធម្ភាគចក្រចម្បាំង Apache នឹងជួយកងកម្លាំងអ៊ីរ៉ាក់ដណ្តើមយកក្រុង Mosul ដែលជាទីក្រុងទីពីររបស់ប្រទេសនេះពីក្រុមរដ្ឋឥស្លាមមកវិញ។
គួរបញ្ជាក់ថា ក្រុមរដ្ឋឥស្លាមបានកាន់កាប់ផ្នែកដ៏ធំនៃប្រទេសអ៊ីរ៉ាក់នៅភាគខាងជើងនិងភាគខាងលិចនៃទីក្រុងបាដាដនៅឆ្នាំ២០១៤ ប៉ុន្តែកងកម្លាំងអ៊ីរ៉ាក់បានចាប់ផ្ដើមដណ្ដើមគ្រប់គ្រងបានវិញនូវតំបន់សំខាន់ៗក្នុងរយៈប៉ុន្មានខែចុងក្រោយនេះ៕