អាមេរិក៖បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន News Week កាលពីម្សិលមិញដោយដកស្រង់ឯកសារវិភាគថ្មីបានឲ្យដឹងថា សកម្មប្រយុទ្ធក្រុមឧទ្ទាម ISIS មានប្រភពមកពី ៧០ប្រទេស នៅក្នុងពិភពលោក ដោយក្នុងនោះភាគច្រើនគឺមកពីអារ៉ាប់ប៊ី សាអ៊ូឌី។
ឯកសារសម្ងាត់នេះ ត្រូវបានផ្ដល់ដោយសកម្មប្រយុទ្ធក្រុមឧទ្ទាម ISIS ម្នាក់ដែលរត់ចោលជួរ ហើយបានយកមកលាតត្រដាង ដល់ស្ថានីយទូរទស្សន៍មួយ ហើយត្រូវបានផ្ទៀងផ្ទាត់ដោយបណ្ឌិតយោធាសភាអាមេរិក West Point។
West Point បានបញ្ជាក់ថា ឯកសារដែលអតីតសកម្មប្រយុទ្ធ ISIS ផ្ដល់មកគឺដូចគ្នាទៅនឹងឯកសាររបស់ខ្លួន ៩៨ភាគរយ បើទោះបីជាឯកសារសម្ងាត់នោះ ភាគច្រើនជាងឯកសារចម្លងក្ដី។ សកម្មប្រយុទ្ធក្រុមឧ្ទាម ISIS ត្រូវបានគេដឹងថាគឺមានអាយុចាប់ពី ១២ ដល់៧០ឆ្នាំ ហើយក្នុងនោះភាគច្រើនគឺមានអាយុ ២៦ ឬ២៧ឆ្នាំ។
ឯកសារសម្ងាត់ និងដ៏មានតម្លៃនេះ បានលាតត្រដាងបន្ថែមទៀតថា សកម្មប្រយុទ្ធ ISIS ភាគច្រើនមកពី អារ៉ាប់ប៊ីសាអ៊ូឌី (៥៧៩នាក់), ទុយនេស៊ី (៥៥៩នាក់), ម៉ូរ៉ូកូ (២៤០នាក់), តួកគី (២១២នាក់), អេហ្ស៊ីប (១៥១នាក់), រុស្ស៊ី (១៤១នាក់), បារាំង (៤៩នាក់), អាល្លឺម៉ង់ (៣៨នាក់) និងមកពីអង់គ្លេស ២៦នាក់៕