UN ថ្កោលទោស ចំពោះ​ការធ្វើ​តេស្ត​ក្បាល​គ្រាប់​មី​ស៊ី​ល ដែល​បាញ់​ចេញពី​នាវាមុជទឹក​កូរ៉េខាងជើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 April, 2016 ក+ ក-

​យូ​អិន​៖​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ បានធ្វើការ​ថ្កោលទោស​កម្រិតធ្ងន់​បំផុត ចំពោះ​ប្រទេស​កូរ៉េខាងជើង ដែល​បានធ្វើ​តេស្ត​បាញ់​ក្បាល់​គ្រាប់​មី​ស៊ី​ល ចេញពី​នាវាមុជទឹក​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅមុននេះ​បន្តិច​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែមេសា ឆ្នាំ​២០១៦​។​
​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមប្រឹក្សាសន្តិសុខ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា «​ការធ្វើ​តេស្ត​របស់ កូរ៉េខាងជើង​នេះ ជា​ទង្វើ​ដែល​រំលោភបំពាន​ទាំង​កម្រោល​ទៅលើ​ដំណោះស្រាយ​លេខ ១៧១៨ (​ឆ្នាំ​២០០៦), ១៨៧៤ (​ឆ្នាំ​២០០៩), ២០៨៧ (​ឆ្នាំ​២០១៣), ២០៩៤ (​ឆ្នាំ​២០១៣) និង ២២៧០ (​ឆ្នាំ​២០១៦) ដែល​ហាម មិន​ឲ្យ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ ធ្វើការ​សាកល្បង​អាវុធ​គ្រប់​ប្រភេទ ដែល​អន្តរជាតិ​ហាមឃាត់​»​។​
​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ​អង្គការសហប្រជាជាតិ​បានទទួល​តំណឹង​ថា ប្រទេស​កូរ៉េខាងជើង បានធ្វើការ​សាកល្បង​ក្បាល​គ្រាប់​មី​ស៊ី​ល បាញ់​ចេញពី​នាវាមុជទឹក ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​សំណាក់​ប្រមុខ​ដឹកនាំ​កំពូល​លោក គីម ជុង​អ៊ុន​។ ការបាញ់​អាវុធ​ទំនើប​ចេញ ពី​ក្នុង​ទឹកសមុទ្រ​ជ្រៅ​នេះ ត្រូវបាន​កូរ៉េខាងជើង​អះអាងថា​ទទួលបាន​ជោគជ័យ​ទាំងស្រុង​៕

5a28f357a81b93f6927e152350b92ccbcb403343