បន្ទាយមានជ័យ៖ ព្រះសង្ឃខ្មែរចំនួន៨អង្គ ត្រូវបានអាជ្ញាធរថៃចាប់ បញ្ជូនកាលពីវេលាម៉ោង ៩និង១០នាទី ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមរថយន្តទ្រុងចេញពីប្រទេសថៃ យកមកទម្លាក់តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើតាមប្រភពពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មូលហេតុ ដែលភាគីថៃចាប់ព្រះសង្ឃបញ្ជូន ដោយសារតែលោកសង្ឃទាំងនោ គឺមានចំនួន ០៤អង្គមានលិខិតឆ្លងដែន ចំនួន ០៤អង្គទៀត គ្មានឯកសារ ពេលទៅដល់ប្រទេសថៃ គ្មានកន្លែងគង់នៅច្បាស់លាស់ ទើបបណ្តាលឲ្យសមត្ថកិច្ចថៃ ចាប់បញ្ជូនមកវិញ។
ប្រភព បានបន្តថា ព្រះសង្ឃដែលត្រូវបានភាគីថៃ បញ្ជូនមកនោះ រួមមាន ទី១-ព្រះសង្ឃ ចាង សុធ ព្រះជន្ម ៣៥ព្រះវស្សា ទី២-ព្រះនាម តាប់ តឺន ព្រះជន្ម ៤៧ព្រះវស្សា ទី៣-ព្រះនាម អ៊ុន សុខនាង ព្រះជន្ម ២៥ព្រះវស្សា ទី៤-ព្រះនាម ណាច់ ធី ព្រះជន្ម ៣២ព្រះវស្សា ទី៥-ព្រះនាម កៀស លៀម ព្រះជន្ម ៤៣ព្រះវស្សា ទី៦-ព្រះនាម ស៊ន ទូច ព្រះជន្ម ២៨ព្រះវស្សា ទី៧-ព្រះនាម យេន សុជា ព្រះជន្ម ២៥ព្រះវស្សា និងទី៨-ព្រះនាម ឡាវ សាវីត ព្រះជន្ម ៣៨ព្រះវស្សា ព្រះសង្ឃគ្រប់អង្គខាងលើនេះ មានស្រុកកំណើត នៅខេត្តកំពត។
ព្រះសង្ឃមួយអង្គ ក្នុងចំណោម៨អង្គខាងលើ ព្រះនាម ឡាវ សាវីត ព្រះជន្ម ៤៣ព្រះវស្សា ដែលព្រះអង្គមានស្រុកកំណើតនៅខេត្តកំពត និងអតីតបួសនៅវត្តមហាមន្ត្រីទីក្រុងភ្នំពេញ មានពុទ្ធដិកាថា ព្រះអង្គនិងអង្គផ្សេងៗត្រូវភាគីថៃចាប់ក្នុងខេត្តឈៀងម៉ៃ ទាំងអស់គ្នា គ្រាន់តែស្រុកផ្សេងៗគ្នាហើយអង្គខ្លះមានលិខិតឆ្លងដែន តែផុតកំណត់មិនបានមកតទិដ្ឋាការ និងអង្គខ្លះទៀតមិនមានលិខិតឆ្លងដែនទេ។
ព្រះអង្គដដែលបន្តថា សម្រាប់ព្រះអង្គផ្ទាល់បានគង់នៅក្នុងវត្តមួយនៃខេត្តឈៀងម៉ៃ ០២ឆ្នាំហើយ ពេលជិតផុតកំណត់លិខិតឆ្លងដែនព្រះអង្គមិនបានតឱ្យ ក៏មានរឿងបែបនេះទៅ។
គួរបញ្ជាក់ថា សង្ឃទាំង០៨អង្គខាងលើ ០៥អង្គត្រូវគេចាប់រយៈពេល ៤ថ្ងៃ និង០៣អង្គទៀតគេចាប់០២ថ្ងៃ ទើបបញ្ជូនមករួមគ្នា។ ការបញ្ជូនសង្ឃទាំង០៨អង្គនេះ ភាគីថៃបញ្ជូនតាមរថយន្តទ្រុង ពណ៌ខ្មៅដូចលើកទីមួយដែរ តែការបញ្ជូនលើកនេះ គេដឹកមកឱ្យទីតាំងទទួលពលករខុសពីលើកមុនដឹកយកមកទម្លាក់ នៅចំណុចរង្វង់មូល ស្ថិតនៅជាប់ខាងលិចផ្សារមង្គល ភូមិប៉ោយប៉ែត-សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕fpm