ភ្នំពេញ៖ មេដឹកនាំក្រសួងទេសចរណ៍កម្ពុជា បានបញ្ជាក់ដោយបដិសេធ ថាលោកមិនបានដឹងពីចំនួនប្រាក់ចំណូលក្នុងការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តនោះទេ ព្រោះការគ្រប់គ្រងស្ថិតនៅលើអាជ្ញាធរអប្សរា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានបញ្ជាក់បែបនេះក្នុងជំនួបពិភាក្សានិងការសួរដេញដោលពី សំណាក់ប្រធាន និងសមាជិកគណៈកម្មការទី៧ នៃរដ្ឋសភា អស់រយៈពេល ២ម៉ោង រួចមកនេះ ហើយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេស ចរណ៍ និងលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ របស់រដ្ឋសភា បានចេញ មកធ្វើសន្និសីទកាសែតរួមគ្នា នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅវិមានរដ្ឋ សភាជាតិ។
ក្នុងជំនួបនោះ លោក យ៉ែម បុញ្ញប្ញទ្ឋិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានទាមទារឲ្យក្រសួងទេសចរណ៍ គ្រប់គ្រងការលក់សំបុត្រ ឲ្យភ្ញៀវទេសចរ ចូលទស្សនាប្រាសាទអង្គរវត្តវិញ។
ជាការឆ្លើយតប លោក ថោង ខុន បានបញ្ជាក់ថា ក្នុងនាមក្រសួងទេសចរណ៍ មិនមានបំណងយកការងារលក់សំបុត្រទេសចរណ៍ ចូលប្រាសាទអង្គរមកគ្រប់គ្រងទេ ពីព្រោះក្រសួងមានការងារច្រើនត្រូវធ្វើដូច្នេះ ទុកការងារនេះ ឲ្យអាជ្ញាធរអប្សរាគ្រប់គ្រងបន្ត ប៉ុន្តែដោយសារមានសំណើពីសំណាក់គណៈកម្មការទី៧ នៃរដ្ឋសភាសំណូមពរ ដូច្នេះក្រសួងនឹងយកបញ្ហានេះ ទៅសិក្សា៕ រដ្ឋា