អាជ្ញាធរ​អប្ប​រា​សម្រេច​កាប់​ដើម​ស្ពង់​ដ៏​ធំ​លើ​ប្រាសាទតាព្រហ្ម​ចោល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2014 ក+ ក-

​សៀម​រាម​៖ អាជ្ញាធរ​អប្សរា​បានសម្រេច​កាត់​តម្រឹម​ដើម​ស្ពង់​ដ៏​ធំ និង​មាន​វ័យ​ចំណាស់​នៅ​ខ្លោងទ្វា​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​មួយ​កំណាត់​ចោល​ដើម្បី​រក្សា​កុំ​ឲ្យ​មាន​មហន្តរាយរ​លំបាក់​សង្ក​ត់​លើ​តួ​ប្រាសាទ និង​ប៉ះពាល់​ដល់​សុវត្ថិភាព​ភ្ញៀវទេសចរ​។​
​សេចក្តីជូនដំណឹង​រប​ស់​អាជ្ញាធរ​អប្សរា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២៧ ខែសីហា បាន​ពន្យល់ថា​អ្នកជំនាញ​កំពុង​រៀបចំ​ដើម្បី​កាត់​តម្រឹម​ដើម​ស្ពង់​ដ៏​ធំ​មួយ​ដែលមាន​វ័យ​ចំណាស់​ព្រោះ​ទៅ​ថ្ងៃមុខ​អាច​បង្ក​មហន្តរាយ​បាក់​សង្កត់​ដល់​ប្រាសាទតាព្រហ្ម ។​ខណៈ​នេះ​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រួម​និង​មគ្គុទេសក៍​ទេសចរណ៍​ផង​នោះ ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើដំណើរ​ទៅកាន់​ខ្លោងទ្វា​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម​មួយរយៈ​។​
​ក្នុង​សេចក្តីជូនដំណឹង​ដដែល​បានសរសេរថា បន្ទាប់ពី​បាន​សិក្សា​ពី​ផលប៉ះពាល់​និង​រិះរក​វិធានការ​ចំពោះ​ដើម​ស្ពង់ នេះ​មក អាជ្ញាធរ​អប្សរា បានសម្រេច​នឹង​រុះរើ​រន្ទា ព្រម ទាំង​ខ្សែកាប​ដែល​ចង​ទប់​នោះ​ចេញ ហើយ​កាត់​តម្រឹម​មួយ​កំណាត់​ទៀត​ចេញ ដើម្បី​សម្រាល​ទម្ងន់​សង្កត់​ដោយ​រក្សា​កំណាត់​ខាង​គល់​ឲ្យ​នៅរស់​។​
​គួរ​បញ្ជាក់ថា នាពេល​កន្លងមក​មន្ត្រី​ជំនាញ​អភិរក្ស​ព្រៃឈើ​របស់​អាជ្ញាធរ​អប្សរា ធ្លាប់បាន​កាប់​លះ​មែក​ដើម​ស្ពង់​ដែល​ដុះ​លើ​ប្រាសាទតាព្រហ្ម​នេះ​ជា​ច្រើនដង​រួចមកហើយ ព្រមទាំង​បានដាក់​រន្ទា និង​ចងខ្សែ​កាប​ទាញ​ដើម្បី​ទល់​ទ្រ​ដើមឈើ​ដ៏​ចំណាស់​នេះ​បញ្ចៀស​កុំ​ឲ្យ​មាន​ផលវិបាក​ផ្សេងៗ​។ ប៉ុន្តែ​ក្រោយពី​តាមដាន​ឃើញថា​ឫស​របស់​វា​បាន​ហើប​ឡើង​កាន់តែ​ខ្ពស់​ដែល​អាច​ដួលរលំ​ជាយថាហេតុ ទើប​អាជ្ញាធរ​អប្សរា និង​ដោយមាន​ការជួយ​ពិនិត្យ​ពី​ជំនាញការ​ឥណ្ឌា​បានសម្រេច​កាត់​តម្រឹម​ត្រឹម​ពាក់កណ្ដាល​ដើម​ចោល​តែម្តង​៕ លីណា