ផ្ទុះ​អំពើហិង្សា​នា​ថ្ងៃ​បោះឆ្នោត​នៅ​ហ្វីលីពីន​បណ្តាល​ឲ្យ​មនុស្ស​១០​នាក់​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 May, 2016 ក+ ក-

​ហ្វីលីពីន​៖​យ៉ាងហោចណាស់​មនុស្ស​១០​នាក់​បាន​ស្លាប់​នៅ​ទូទាំងប្រទេស​ហ្វីលីពីន​ដោយសារ​អំពើហិង្សា​នៅ​ថ្ងៃ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ខណៈ​ខ្មាន់កាំភ្លើង​បាន​វាយប្រហារ​ទៅលើ​ស្ថានីយបោះឆ្នោត វាយឆ្មក់ និង​ឆក់​ប្លន់​រថយន្ត និង​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​។ នេះ​បើតាម​សារព័ត៌មាន Channel News Asia​។​
​អាជ្ញាធរ​បានចាត់ទុក​អំពើហិង្សា​នោះ​ជា​ករណី​ដាច់ដោយឡែក ហើយ​ដំណើរការ​បោះឆ្នោត​ជារួម​បាន​ប្រព្រឹត្ត​ទៅដោយ​ស្ងប់ស្ងាត់ ខណៈដែល​មនុស្ស​១០​លាន​នាក់​បាន​ចេញទៅ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និង​តួនាទី​១៨ ០០០​កន្លែង​ផ្សេងទៀត​។​
​មន្ត្រីជាន់ខ្ពស់​ប៉ូលិស លោក Esmael Madin បាន​និយាយថា​នៅឯ​ទីក្រុង Sultan Kudarat ដែលជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​ក្រុម​បះបោរ​មូស្លីម​ដ៏​ធំ​បំផុត​នោះ មនុស្ស​២០​នាក់​បាន​សម្រុក​ចូលទៅ​ក្នុង​មណ្ឌលបោះឆ្នោត ហើយ​បាន​ដណ្ដើមយក​ម៉ាស៊ីន​បោះឆ្នោត​ទៅ​បាត់​។​
​ជាមួយគ្នា​នោះ​អ្នកនាំពាក្យ​ប៉ូលិស​ខេត្ត Abra លោក Marcy Grace Marron បាន​ប្រាប់ថា​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​២​នាក់​និង​ស្ត្រី​២​នាក់​រួមទាំង​កាំភ្លើង បន្ទាប់ពី​មានការ​បាញ់ប្រហារ​គ្នា​នៅ Lagayan ដែលជា​ទីក្រុង​សម្បូរ​ទៅដោយ​ជួរ​ភ្នំ ស្ថិតនៅ​ចម្ងាយ​៣៥០​គីឡូម៉ែត្រ​ភាគ​ខាងជើង​រដ្ឋធានី​ម៉ានីល​៕

supporters-of-a-local