ប៉ូលិស​ខេត្តសៀមរាប​បន្ត​រក​អ្នករងគ្រោះ​ ដោយ​ភ្លើង​ឆេះ​នៅ​ក្លឹប​រាំ​ឌី​ស្កូ​ហ៊ី​ប​ហប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2014 ក+ ក-

សៀមរាប​៖​សាធារណជន​មួយចំនួន​នៅ​ជិត​ក្លឹប​រាំ​ឌី​ស្កូហ៊ី​បហប (Hip Hop)នៅតែ​សង្ស័យ ថា ចំនួន​អ្នកស្លាប់​ដោយសារ​អគ្គិភ័យ​ឆាបឆេះ អាចមាន​ច្រើន​លើសពី៥​នាក់​។ ការសង្ស័យ​នេះ ដោយសារ​គេ​សង្កេត ឃើញថា បន្ទាប់ពី​កើតហេតុ​ភ្លើង​ឆេះ​ក្លឹប​រាំ​នោះមក គឺមាន​ម៉ូតូ​ជាច្រើន​គ្រឿង​មិនឃើញ​ម្ចាស់​មក​យក ហើយ​ទុកចោល​នៅ​កន្លែងកើតហេតុ​។​

ប៉ូលិស​ខេត្តសៀមរាប បាន​បន្ត​ឆែកឆេរ និង​ពិនិត្យមើល​យ៉ាង​យកចិត្តទុកដាក់​ម្ដងទៀត​នៅក្នុង​អគារ​របស់​ក្លឹប រាំ​ឌី​ស្កូ ហ៊ី​ប ហប ដើម្បី​បញ្ជាក់​ពី​ចំនួន​នៃ​អ្នករងគ្រោះ​ដោយសារ​អគ្គិភ័យ​ឲ្យ​ច្បាស់លាស់​។ ការបន្ត​ពិនិត្យ និង​ឆែកឆេរ​នេះ ធ្វើឡើង​ស្របពេល​ដែល​សាធារណជន​ខ្លះ នៅតែ​សង្ស័យថា ចំនួន​អ្នកស្លាប់​ដោយសារ​អគ្គិភ័យ អាច​មិនមែន​តែ ៥​នាក់​ទេ គឺ​ច្រើនជាង​នេះ​។​

​ស្នងការរង​នគរបាល​ខេត្តសៀមរាប ដែល​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​ជាថ្មី​កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែវិច្ឆិកា គឺ​លោក ថង សា​គុណ​។ លោក​មានប្រសាសន៍ថា ក្លឹប​រាំ​ឌី​ស្កូ ហ៊ី​ប ហប មិនមាន​សំណង់​ក្រោម​ដី​ទេ គឺមាន​តែ ១​ជាន់​លើដី​។ លោក​បាន​ដឹកនាំ​កម្លាំង​ត្រួតពិនិត្យ​នៅក្នុង​អគារ​ដែល​ភ្លើង​ឆេះ​សព្វ កន្លែង ហើយ​រក​មិនឃើញ​អ្នកស្លាប់​ណា​ផ្សេងទៀត​ដូច​មហាជន​សង្ស័យ​នោះឡើយ​។​

លោក ថង សា​គុណ ពន្យល់ថា បន្ទាប់ពី​កើតហេតុ គឺ​ពិត​ជាមាន​ម៉ូតូ​ជាច្រើន​គ្រឿង​ដែល​នៅ​ចត​ចោល​ជិត​កន្លែងកើតហេតុ​មែន ក៏ប៉ុន្តែ​ម្ចាស់​ម៉ូតូ​ទាំងនោះ​មិនមែនជា​ជនរងគ្រោះ​ដោយសារ​អគ្គិភ័យ​ទេ គឺជា​ម៉ូតូ​របស់​សមត្ថកិច្ច​ចម្រុះ​ជាច្រើន​ផ្នែក មាន​ប៉ូលិស ប៉េ​អិ​ម និង​ក្រុម​សង្គ្រោះ​ជាច្រើន​ទៀត ដែល​ទៅ​ប្រតិបត្តិការ​៖ «​មាន​ព័ត៌មាន​ថា ស្លាប់​បន្តបន្ទាប់​នៅ​កន្លែងកើតហេតុ គឺ​មិនមាន​ទេ​។ ក្នុងនាម​ខ្ញុំ​អ្នកពិនិត្យ​កន្លែងកើតហេតុ​ផ្ទាល់ គឺ​ច្បាស់​ហើយ​។ ពាក្យ​ចចាមអារ៉ាម​ថា​ស្លាប់​បន្តបន្ទាប់​ច្រើន មិនមែន​ទេ​! ការពិត​មានតែ ៥​នាក់​គត់​។ ទីតាំង​នេះ​ក្រោយពី​យើង​ពិនិត្យ យើង​បាន​អញ្ជើញ​ខាង​សំណង់​ខេត្ត​គេ​បានមក​ចូលរួម​ពិនិត្យ​ជាមួយ​យើងខ្ញុំ មួយក្រុម ហើយ​ខាង​អគ្គិសនី​ខេត្ត​ក៏​គេ​បាន​ដឹកនាំ​កម្លាំង​គេ​មួយក្រុម​ចូលមក ពិនិត្យ​រួមគ្នា​»​។​

​សាក្សី​ម្នាក់​ដែល​រងរបួស​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​ក្លឹប​រាំ ឌី​ស្កូ ហ៊ី​ប ហប នោះ ឲ្យ​ដឹងថា នៅពេលដែល​ភ្លើង​ឆេះ គឺ​មិនសូវមាន​មនុស្ស​ច្រើន​ទេ គឺមាន​មនុស្ស​តែ​ជាង ១០​នាក់ ដែល​កំពុង​រាំ​។​

ស្ត្រី​ឈ្មោះ អាត សា​រ៉ា​ត អាយុ ២៤​ឆ្នាំ ដែល​ភ្លើង​ឆេះ​រលា​កដៃ​ទាំងសងខាង ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប ឲ្យ​ដឹងថា ពេល​កើតហេតុ រូបគាត់ និង​មនុស្ស​ជាច្រើន​ទៀត នាំគ្នា​ស្លន់ស្លោ ដោយមាន​ផ្សែង​ខ្លាំង​ពិបាក​ដកដង្ហើម និង​ដាច់​ភ្លើង​ងងឹត​។ ស្ត្រី​ដដែល​ដឹងថា គាត់​បាន​រត់​ជាន់​មនុស្ស​នៅពេល​សម្រុក​ចេញ​ក្រៅ ក៏ប៉ុន្តែ​គាត់​មិនដឹងថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ស្លាប់​ទេ​៖ «​ខ្ញុំ ឈ្លក់ផ្សែង​ធ្លាក់​វ៉ែនតា ខ្ញុំ​មិនដឹង​រត់​ទៅណា​រួច ភ្នែក​ខ្ញុំ​ខ្សោយ ស្រែក​ឲ្យ​គេ​ជួយ​ឡើង​ឈឺ​ក​ខ្លួនឯង​។ ខ្ញុំ​ពាក់​អាវដៃវែង ប៉ុន្តែ​ខ្ញុំ​យកដៃ​គ្រប​មុខ​បិទ​ច្រមុះ​បិទមាត់ អត់​ចង់​ឲ្យ​ដកដង្ហើម ព្រោះ​វា​ឈ្លក់​។ ខ្ញុំ​រត់​ជាន់​មនុស្ស​នៅពេល​ហ្នឹង ខ្ញុំ​ភ័យ​ខ្លាំងពេក ទៅដល់​កន្លែង​ចុងភៅ​ម្ហូប គេ​ថា​ចុះមកៗ ពេល​ខ្ញុំ​លោត​ចុះ សន្តិសុខ​ទ្រ​ខ្ញុំ​ពីក្រោម ទៅ​ខ្ញុំ​សន្លប់​បាត់​។ មនុស្ស​ប្រហែលជា​ខ្ទង់ ១០​នាក់​ទេ ខ្ញុំ​ទៅជា​មួយ​ជនជាតិ​ម្នាក់​ដែរ ដល់ពេល​ដាច់​ភ្លើង​ខ្ញុំ​ឱប​មួយសន្ទុះ​គាត់​ដួល ប៉ុន្តែ​ខ្លាច​តែ​គាត់​រត់​ចេញរួច​អត់​ឃើញ​គាត់​ទេ​»​។​

ចាប់តាំងពី​ភ្លើង​ឆេះ​ក្លឹប​រាំ​ឌី​ស្កូ ហ៊ី​ប ហប កាលពី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​១៧ ឈានចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​អះអាងថា មាន​អ្នកស្លាប់​ចំនួន ៥​នាក់ ក្នុងនោះ​មាន​បុរស​ជនជាតិ​អូស្ត្រាលី ម្នាក់ ឈ្មោះ ថម អា​រី​កេ​សុន (Tom Aricketson) អាយុ ៣៣​ឆ្នាំ ស្ត្រី​ខ្មែរ​ចំនួន ៣​នាក់ និង​បុរស​ខ្មែរ​ម្នាក់​។ ចំណែក​ស្ត្រី ២​នាក់​ដែល​រងរបួស ឈ្មោះ អាត សា​រ៉ា​ត អាយុ ២៤​ឆ្នាំ និង​ឈ្មោះ យ៉ា​ត ស្រី​ម៉ៅ អាយុ ៣៣​ឆ្នាំ​។​

អាជ្ញាធរ​ប៉ាន់ប្រមាណ​ថា ក្លឹប​រាំ​ឌី​ស្កូ ហ៊ី​ប ហប ដែល​ឆេះ​នេះ គឺ​ខូចខាត​ទ្រព្យសម្បត្តិ​គិត​ជា​ទឹកប្រាក់​ប្រមាណ ២០​ម៉ឺន​ដុល្លារ​។​
​ស្នងការ​នគរបាល​ខេត្តសៀមរាប ឲ្យ​ដឹងថា រហូតមកដល់​ថ្ងៃទី​១៩ ខែវិច្ឆិកា សមត្ថកិច្ច​ទទួល​បណ្ដឹង​ពី​គ្រួសារ​អ្នកស្លាប់​ដោយសារ​អគ្គិភ័យ​នោះ​ចំនួន ៣​នាក់​ហើយ ដោយ​ទាមទារ​សំណង​ជា​ទឹកប្រាក់​ពី ៣.០០០​ដុល្លារ​ទៅ ៤.០០០​ដុល្លារ​អាមេរិក​៕ rfa

Untitled-1
Untitled-1

 

 

 

 

 

 

 

 

លោក​វរសេនីយ៍ឯក ថង សា​គុណ ស្នងការ​នគរបាល​ខេត្តសៀមរាប ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ក្នុងពេល​ចុះ​ពិនិត្យ និង​ឆែកឆេរ​រក​អ្នករងគ្រោះ​នៅក្នុង​ក្លឹប​រាំ​ឌី​ស្កូ ហ៊ី​ប ហប (Hip Hop) សាជាថ្មី កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៤​។