ហ្វីលីពីន៖ក្រុមប្រឹក្សាឃ្លាំមើលដំណើរការបោះឆ្នោតបានចេញលទ្ធផលបឋមនៅថ្ងៃអង្គារនេះដោយបង្ហាញថា លោក Rodrigo Duterte មកពីគណបក្សប្រជាធិបយេត្យហ្វីលីពីនទទួលបានសំឡេងគាំទ្រច្រើនជាងគេគឺមាន៨៩% បានបោះឆ្នោតគាំទ្ររូបលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
អតីតអភិបាលក្រុង Davao លោក Rodrigo Duterte ជាបេក្ខជនឈរឈ្មោះជាប្រធានាធិបតីមួយរូបក្នុងចំណោម៥រូបដែលទទួលបានការគាំទ្រច្រើនជាងគេ។ ទទួលបានការគាំទ្រច្រើននេះអាចដោយសារតែលោកប្រកាសចាត់វិធានការខ្លាំងគឺសម្លាប់ពួកឧក្រិដ្ឋជនដែលបង្កអសន្តិសុខដល់ជាតិ ខណៈប្រទេសនេះកំពុងជួបប្រទះបញ្ហាធំពីរគឺ ភាពក្រីក្រ និងឧក្រិដ្ឋកម្ម។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទម្សិលមិញប្រជាពលរដ្ឋហ្វីលីពីនបានធ្វើការបោះឆ្នោតជ្រើសរើសអភិបាលខេត្តក្រុង បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និងបោះឆ្នោតជ្រើសប្រធានាធិបតី៕