តៃវ៉ាន់៖រញ្ជួយដីកម្រិត ៥.៦រ៉ិចទ័រមួយបានវាយប្រហារភាគឦសានកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ស្ថិតនៅឆ្ងាយពីទីក្រុងតៃប៉ិ។ នេះបើភ្នាក់ងារភូមិសាស្ត្រអាមេរិកដែលដកស្រង់បកផ្សាយដោយសារព័ត៌មាន AFP។
ទីភ្នាក់ងារដដែលបាននិយាយថា រញ្ជួយដីនេះ មានអង្កត់ផ្ចិត១៤គីឡូម៉ែត្រ ស្ថិតនៅឆ្នេរភាគឦសាននៃទីប្រជុំជនស៊ូអ៊ៅ។ ប្រភពបញ្ជាក់ថា រញ្ជួយដីនៅថ្ងៃនេះ បានវាយប្រហារទៅលើអគារខ្ពស់ៗ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក៏បានរាយការណ៍ផងដែរអំពីការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនី ហើយមនុស្សជាប់នៅក្នុងជណ្ដើរយន្ត។
គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងមក រញ្ជួយដីទំហំ ៦.៤រ៉ិចទ័រ បានវាយប្រហារផ្ដួលរំលំអគារធំមួយនៅភាគខាងត្បូងកោះតៃវ៉ាន់ ដោយបានសម្លាប់មនុស្សជាង១០០នាក់។ ហេតុការណ៍រញ្ជួយដីដ៏អាក្រក់បំផុតនៅកោះតៃវ៉ាន់ បានកើតឡើងកាលពីខែកញ្ញា ឆ្នាំ១៩៩៩ នៅពេលរញ្ជួយដីទំហំ ៧.៦រ៉ិចទ័រ បានសម្លាប់មនុស្សប្រហែល ២៤០០នាក់៕