ភ្នំពេញ៖ ស្ត្រីខ្មែរចំនួន ២ នាក់ ដែលគេអះអាងថាជាជនរងគ្រោះដោយសារមេខ្យល់បោកយកទៅរៀបការជាមួយបុរសជនជាតិចិនបានបដិសេធពុំព្រមផ្តល់កិច្ចសភាសន៍ដល់អ្នកសារព័ត៌មានឡើយខណៈត្រឡប់មកដល់កម្ពុជាវិញតាមអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នៅម៉ោង ៣ និង៣០នាទីរសៀលថ្ងៃព្រហស្បតិ៍២៨ ខែសីហានេះ។
ប្រភពព័ត៌មានបានរាយការណ៍ថា ដោយមានកិច្ចសហការជួយសង្គ្រោះដល់ស្ត្រីខ្មែរ ចំនួន ២ នាក់ រងគ្រោះចាញ់បោកមេខ្យល់យកទៅរៀបការដោយបង្ខំជាមួយបុរសចិនពីសំណាក់ស្ថានអគ្គកុងស៊ុល កម្ពុជានៅទីក្រុងក្វាងចូវប្រទេសចិន និងមានកិច្ចសហការជាមួយអាជ្ញាធរចិនផងនោះ គឺស្ត្រីខ្មែរចំនួន ២ នាក់ រងគ្រោះចាញ់បោកមេខ្យល់យកទៅរៀបការដោយបង្ខំជាមួយបុរសចិននៅខេត្តជាំងស៊ី។
ប្រភពបន្តថា ស្ត្រីរងគ្រោះទាំងពីរនាក់នោះមាន១.ឈ្មោះ៖ឈូ ឈន់ហេង មានស្រុកកំណើត នៅស្រុកពារាំង ខេត្តព្រៃវែង និង២.លី ហ្គេចហ៊ាង មានស្រុកកំណើត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង បានឲ្យដឹងថា ដោយស្ត្រីខ្មែររងគ្រោះទាំងពីរនាក់ ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួនទេ គឺស្ថានអគ្គកុងស៊ុលកម្ពុជានៅទីក្រុងក្វាងចូវបានចេញលិខិតបើកផ្លូវដើម្បីបញ្ជូនស្ត្រីរងគ្រោះទាំងពីរនាក់ឲ្យបានវិលមកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព៕លីណា