ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំ ហុង រដ្ឋមន្ត្រីក្រសួងការបរ ទេសកម្ពុជា បានជួបជាមួយលោក រ៉ាឌី មុំ (Rady Mom) ដែល ជាពលរដ្ឋខ្មែរម្នាក់តំណាង នៅក្រៅប្រទេសទើបបានជាប់ឆ្នោត ជាតំណាងរាស្ត្រប្រចាំតំបន់ទី១៨ នៃរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក នៅទីស្តីការក្រសួងការបរទេស កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។
ក្រោយជំនួបពិភាក្សានេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍ ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្នុងឋានៈជាជនជាតិខ្មែរ លោកមានមោទនភាពណាស់ ដែលមានប្រជាពលរដ្ឋខ្មែរបានជាប់ជាសមាជិកសភាមួយរូប នៅរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក ហើយនេះជាមោទនភាពប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសផងដែរ។
លោក ហោ ណាំហុង បន្តថា សង្ឃឹមថា នៅថ្ងៃខាងមុខលោក រ៉ាឌី មុំ អ្នកតំណាងរាស្ត្រប្រចាំតំបន់ទី១៨ នៃរដ្ឋម៉ាស្សាឈូសេត នឹងក្លាយជាតំណាងរាស្ត្រសហរដ្ឋអាមេរិកនៅវ៉ាស៊ីនតោន។
ជាមួយគ្នានោះដែរលោក រ៉ាឌី មុំ អ្នកតំណាងរាស្ត្រប្រចាំតំបន់ទី១៨ នៃរដ្ឋម៉ាស្សាឈូសេត បានថ្លែងទៅកាន់អ្នកសារព័ត៌មានដែរថា លោកមានការសប្បាយរីករាយ នៅពេលដែលបានមកកាន់ប្រទេសកម្ពុជា ឃើញមានការអភិវឌ្ឍន៍ និងបានឃើញប្រជាពលរដ្ឋខ្មែរទាំងអស់។ លោកបានលើកឡើងថា លោកជាកូនខ្មែរមួយរូបដំបូងគេ ដែលបានជាប់ជាអ្នកតំណាងរាស្ត្រ ប្រចាំតំបន់ទី១៨ នៃរដ្ឋម៉ាស្សាឈូសេត។
សូមបញ្ជាក់ថា លោក រ៉ាឌី មុំ ទើបបានជាប់ជាតំណាងរាស្ត្រកាលពីថ្ងៃទី០៤ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះប៉ុណ្ណោះ ហើយមានអាណត្តិ ២ឆ្នាំ បានទៅរស់នៅសហរដ្ឋអាមេរិកជាង៣០ ឆ្នាំមកហើយ គឺបានទៅរស់នៅអំឡុងដើមឆ្នាំ១៩៨០ នេះបើតាមការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យលោក កុយ គួង៕fpm