រដ្ឋាភិបាលយោធា​ថៃ​ព្រមាន​លុបចោល​គម្រោង​បោះឆ្នោត​នៅ​ឆ្នាំក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 May, 2016 ក+ ក-

បាងកក​៖​យោងតាម​សារព័ត៌មាន​ផ្សាយ​ថា រដ្ឋាភិបាលយោធា​ថៃ​បាន​ព្រមាន​ថា ប្រសិនបើ​សេចក្តីព្រាង​នៅ​រដ្ឋធម្មនុញ្ញ​ថ្មី​ដាក់​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃទី​៧​ខែសីហា​ខាងមុខ​មិន​ទទួលបាន​ការគាំទ្រ​នោះ កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ថ្នាក់ជាតិ​សម្រាប់​ឆ្នាំក្រោយ​អាច​នឹងត្រូវ​លុបចោល​វិញ​។​
​ឧបនាយករដ្ឋមន្ត្រី លោក Prawit Wongsuwan ថ្លែងថា បើសិនជា​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​មិន​ទទួល​ការគាំទ្រ​ពេលធ្វើ​ប្រជាមតិ​នោះ នាយករដ្ឋមន្ត្រី Prayut Chan-o-cha នឹងមិន​ដាក់ចេញ​កាលបរិច្ឆេទ​ថ្ងៃ​បោះឆ្នោត​ទេ ហើយ​ក្រុម​យោធា​នៅតែ​បន្ត​គ្រប់គ្រង​អំណាច ដើម្បី​បន្ត​រៀបចំ​រដ្ឋធម្មនុញ្ញ​មួយ​ឲ្យ​បាន​។​
​លោក Prawit ថ្លែងថា នៅពេលដែល​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នៅពេល​បោះឆ្នោត​ប្រជាមតិ​មិន​ទទួលបាន​ការគាំទ្រ​នោះ នាយករដ្ឋមន្ត្រី Prayut នឹង​ប្រគល់​អំណាច​របស់លោក​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ ដើម្បី​កំណត់​គណៈកម្មការ​ថ្មី​ព្រាង​រដ្ឋធម្មនុញ្ញ​មួយទៀត​។​
​គួរ​បញ្ជាក់ថា តាម​គម្រោង​រដ្ឋាភិបាល​យោធា​ថៃ​ធ្លាប់​សន្យាថា​នឹង​រៀបចំ​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​ខែកញ្ញា​ឆ្នាំ​២០១៧ ប៉ុន្តែ​ដោយសារ​ភាពចម្រូងចម្រាស់​នៃ​សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នោះ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ថ្មី​នៅ​មិនទាន់​អាច​យកជាការបាន​នៅឡើយ​៕

160518-vod-meta-g-ele-thai-warn-scrap-roadmap-election