ក្រសួងយុត្តិធម៌-តុលាការ​បដិសេធ​ការ ស្នើសុំ​នៅក្រៅ​ឃុំ​របស់លោក មា​ជ សុវណ្ណារ៉ា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2014 ក+ ក-

​ភ្នំពេញ​៖​ការ​ស្វះ​ស្វែងរក​សុំ​ឲ្យ​នៅក្រៅ​ឃុំ​របស់​មេធាវី លោក មា​ជ សុវណ្ណារ៉ា ជា​សមាជិក​គណបក្ស​ស​ង្គ្រោះ​ជាតិនៅ​មិនទាន់​ទទួលបាន ជោគជ័យ​តាម​ការ​ស្នើសុំនោះទេ​។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ការស្នើសុំ​នេះ​។​ចំណែក​ក្រសួងយុត្តិធម៌​បាន​ឆ្លើយតប​ជា​ផ្លូវការ​ថា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​។​

លោក មា​ជ សុវណ្ណារ៉ា គ្រោង​នឹងដាក់​ពាក្យ​ប្ដឹងទៅ​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត​អែ​ហ្វ​ប៊ី​អាយ (FBI) អំពី​ករណី​ចាប់ខ្លួន​នេះ ដោយសារ​លោក​ជា​ខ្មែរ​អាមេរិកកាំង​។​

ការគ្រោង​ប្ដឹងទៅ​សហព័ន្ធ​ស៊ើបអង្កេត អែ​ហ្វ​ប៊ី​អាយ សហរដ្ឋអាមេរិក នេះ ធ្វើឡើង​ភ្លាមៗ​បន្ទាប់ពី​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីសម្រេច​នៅ​ថ្ងៃទី​២០ វិច្ឆិកា មិន​ព្រម​ដោះលែង លោក មា​ជ សុវណ្ណារ៉ា ឲ្យ​នៅក្រៅ​ឃុំ​តាម​សំណើ​របស់​មេធាវី​របស់​លោក​។​

ក្នុង​លិខិត​សរសេរ​ដោយ​ដៃ​ផ្ទាល់​របស់ លោក មា​ជ សុវណ្ណារ៉ា តាមរយៈ​មេធាវី​របស់លោក​នោះ បញ្ជាក់ថា លោក​នឹង​ប្ដឹងទៅ​សហព័ន្ធ​ស៊ើបអង្កេត អែ​ហ្វ​ប៊ី​អាយ របស់​រដ្ឋាភិបាល​អាមេរិក ក្នុងនាម​លោក​ជា​ពលរដ្ឋ​អាមេរិកកាំង​ដើមកំណើត​ខ្មែរ​ម្នាក់ ដើម្បី​ឲ្យ​ស៊ើបអង្កេត​ករណី​ចាប់ខ្លួន​លោក​ក្នុង​ហេតុផល​នយោបាយ តុលា​ការមិន​ឯករាជ្យ និង​មិន​យុត្តិធម៌​។​

​មេធាវី​ការពារ​ក្ដី លោក មា​ជ សុវណ្ណារ៉ា គឺ​លោក ចាន់ ចេ​ន មានប្រសាសន៍ថា ការសម្រេច​របស់​តុលាការ​នេះ ជា​រឿង​អយុត្តធម៌​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​កូនក្ដី​របស់លោក ដែល​មិនអាច​ទទួលយក​បានទេ ។​លោក​នឹងដាក់​ពាក្យ​ប្ដឹងទៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​បន្តទៀត ដើម្បី​ស្នើសុំ​ឲ្យ​កូនក្ដី​របស់លោក​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។​

គួរ​ជម្រាប​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ វិច្ឆិកា បាន​ចាប់ឃុំខ្លួន លោក មា​ជ សុវណ្ណារ៉ា ជា​ខ្មែរ​-​អាមេរិកាំង និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទចោទប្រកាន់ ផ្ដើមគំនិត​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ដឹកនាំ​ចលនា​កុបកម្ម​។ បើសិនជា​តុលាការ​រកឃើញថា លោក​ពិតជា​មានទោស​មែ​ន លោក មា​ជ សុវណ្ណារ៉ា នឹង​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ៣០​ឆ្នាំ​។​

លិខិត​ជូនដំណឹង​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​១៤ វិច្ឆិកា ដែល​មេធាវី​របស់ លោក មា​ជ សុវណ្ណារ៉ា ទទួលបាន​នៅ​ថ្ងៃទី​២០ វិច្ឆិកា នេះ មិនបាន​បញ្ជាក់​ពី​មូលហេតុ​អ្វី​ច្រើន​ទេ គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា ពាក្យស្នើសុំ​ឲ្យ​ដោះលែង​កូនក្ដី​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន ចុះ​ថ្ងៃទី​១១ វិច្ឆិកា នោះ តុលាការ​បានសម្រេច​មិន​ព្រម​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នោះទេ​។​

ចំណែក​ការបញ្ជាក់​របស់​ក្រសួងយុត្តិធម៌ ជុំវិញ​បញ្ហា​ស្នើ​រក​ការដោះលែង​លោក មា​ជ សុវណ្ណារ៉ា នាយក​គ្រប់គ្រង​ព័ត៌មាន របស់​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា បន្ទាប់ពី​ក្រសួងមហាផ្ទៃ​បាន​បញ្ជូន​លិខិតស្នើ​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បីឱ្យ​ក្រសួងយុត្តិធម៌ ពិចារណា​លើ​សេចក្តីស្នើ​នោះ​។​លិខិត​របស់​ក្រសួងយុត្តិធម៌ បានបញ្ជាក់​តប​ថា ការចាប់ខ្លួន​និង​ការឃុំខ្លួន​លោកមា​ជ សុវណ្ណារ៉ា នោះ គឺ​បាន​អនុវត្ត​ទៅតាម​នីតិវិធី ច្បាប់ ហើយ​ជា​អំណាច​របស់​តុលាការ​។​

លិខិត​បាន​បន្តថា លោក មា​ជ សុវណ្ណារ៉ា មាន​សិទ្ធិ​នៅក្នុង​ការដាក់​ពាក្យ ស្នើសុំ​នៅក្រៅ​ឃុំ​បណ្តោះ អាសន្ន​ដែល​នេះ​គឺជា​រឿង​នៃ​ច្បាប់​បានកំណត់​ច្បាស់លាស់​។ លិខិត​ដដែល​បាន​បន្តថា អ្នក​ដែលមាន សិទ្ធិ​ក្នុងការ​ពិនិត្យ​ទៅលើ​វិធានការ​ស្នើសុំ​របស់លោក មា​ជ សុវណ្ណារ៉ា គឺ​តុលាការ​ជា​អ្នកសម្រេច​ថា តើ​ឲ្យ​នៅក្រៅ​ឃុំ ឬ​នៅក្នុង​ឃុំ​។​

គួររម្លឹកថា លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​សប្តាហ៍​មុន បាន​សរសេរ​លិខិត​មួយ ច្បាប់​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ស្នើសុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ដោះលែង លោក មា​ជ សុវណ្ណ​រ៉ា​និង សកម្មជន​បឹងកក់​ទាំងអស់​ដែល​ត្រូវបាន​ចាប់ខ្លួន​។​ក៏ប៉ុន្តែ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែរ​បាន​បង្វែរ​ទិសដៅ​លិខិត​លោក សម រង្សី ទៅ​ក្រសួងយុត្តិធម៌​វិញ​ដែលជា​ស្ថាប័ន​មាន​សមត្ថកិច្ច រហូតមកដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ក្រសួងយុត្តិធម៌​បាន​ឆ្លើយតប​ជា​ផ្លូវការ​ជុំវិញ​លិខិត​របស់លោក សម រង្សី ដែល​ស្នើសុំ​ដោះលែង​លោក មា​ជ សុវណ្ណារ៉ា នោះ ដោយ​ក្រសួង​បញ្ជាក់ថា រឿង​ជាប់ទាក់ទង នោះ​គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​៕រដ្ឋ ជំនិត

Untitled-1