បង់ក្លាដែស៖មនុស្សយ៉ាងហោចណាស់ចំនួន២៤នាក់បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតបាត់បង់ផ្ទះសម្បែងបន្ទាប់ពីព្យុះស៊ីក្លូន Roanu បានបោកបក់លើតំបន់ឆ្នេរដ៏ក្រីក្រស្ថិតនៅភាគខាងត្បូងប្រទេសនេះកាលពីថ្ងៃទីអាទិត្យម្សិលមិញ។ នេះបើយោងតាមសារព័ត៌មាន AFP ។
អាជ្ញាធរបង់ក្លាដែសបាននិយាយថា ព្យុះនោះបានបោកបក់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនកាត់ភូមិនានានៅតំបន់ Chittagong និង Barisal ជាទីដែលប្រជាពលរដ្ឋរស់នៅខាងក្នុងកំពែងការពារទឹកសមុទ្រ។ទន្ទឹមនោះអាជ្ញាធរក៏បានជម្លៀសមនុស្សជាង៥សែននាក់ទៅកាន់ជម្រកសុវត្ថិភាពនៅមុនការមកដល់នៃព្យុះស៊ីក្លូននោះដែលបោកបក់ក្នុងល្បឿន៨៨គីឡូម៉ែត្រក្នុងមួយម៉ោង។
លោក Reaz Amhed ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាអ្នកស្លាប់ប្រហែលពាក់កណ្ដាលគឺជាប្រជាជននៅតំបន់ Chittagong ខណៈផ្ទះសម្បែងប្រហែល៨ម៉ឺនខ្នងបានរងការខូចខាត៕