វិភាគ ​៖ យុទ្ធសាស្ត្រ​ចាស់​របស់ CPP ទៅលើCNRPអាច​ជោគជ័យ​រយៈពេល ​ខ្លី​ តែ​បរាជ័យ​រយៈពេល​វែង​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 November, 2014 ក+ ក-

គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់អំណាច​ប្រមាណ​៣០​ឆ្នាំ​មកនេះ ត្រូវបាន​អ្នកវិភាគ​កត់សំគាល់ថា បក្ស​ដែលមាន​កំណើត​ចេញពី​បក្ស​កុំម្មុយនីស្ត​នេះ បានទទួល​ជោគជ័យ​ដោយសារ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ចាស់​ដើម្បី​បង្ក្រាបគូប្រកួត​មុនពេល​ចរចា ។​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហាញ​មោទនភាព​ថា យុទ្ធសាស្ត្រ​វាយ​ផង ចរចា​ផង នាំ​ឲ្យ​គណបក្ស​របស់លោក​ទទួល​បាន​ជោគជ័យ ដូចជា​ករណី​ខ្មែរ​ក​ក្រហម​ជាដើម ។​
​អ្នកវិភាគ យល់ថា យុទ្ធសាស្ត្រ​នេះ​នៅតែ​ត្រូវបាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើប្រាស់​មកដល់ សព្វថ្ងៃនេះ រាល់​ពេលណា​ដែល​គណបក្ស​ដែលជា​គូប្រជែង​មិន​ព្រម​ធ្វើតាម​អ្វី ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចង់បាន ។​

នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោក​មិនបាន​ប្រើ​តុលាការ​ដើម្បី​បង្ក្រាប​លើ​គណបក្សប្រឆាំង និង​សកម្មជន​ដីធ្លី​នោះទេ ។ ប៉ុន្តែ​លោក​ទទួលស្គាល់ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ព្រម​ចូល​សភា​កាន់តែ​លឿន នោះ​នឹង​អាច​បង្អាក់​រឿង​ព្រហ្មទណ្ឌ​នៅ​តុលាការ ។​លោក​ថ្លែងថា «​ឥឡូវ យើង​ឯកភាពគ្នា​ហើយ ដើម្បី​ចូល​សភា ។ ដល់​ចឹ​ង​ចូល​សភា ចូល​ឲ្យ​វា​លឿន​ទៅ​! ចូល​ឲ្យ​វា​លឿន​ទៅ​! ដើម្បី​យក​អភ័យឯកសិទ្ធិ ។ អាហ្នឹង​ហើយ​គេ​ហៅថា ដំណើរការ​តាម​រដ្ឋប្បវេណី​ដើម្បី​បង្អាក់​ព្រហ្មទណ្ឌ ។  ហើយ​ករណី​ឯកឧត្តម​កឹម សុខា ផ្ទាល់ ខ្ញុំ​ថា ឯកឧត្តម​មាន​ជម្រើស​ពីរ ។ ជម្រើស​ទី​១ បើ​ចូល​ស្បថបាន​រហ័ស អាហ្នឹង​រួច ។ ជម្រើស​ទី​២ សុំ​ពន្យា​ពេល​ចូល​តុលាការ​ព្រោះ​តុលាការ​គេ​កោះហៅ​ដែរ​» ។​

​ពីមុនមក​គណបក្ស​ប្រជាជន​កម្ពុជា តែង​ច្រាន​ចោលការ​លើកឡើងថា គណបក្ស​នេះ​ប្រើ​តុលាការ​ដើម្បី​ចាប់ខ្លួន​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ បង្ខំ​ឲ្យ​ចូល​សភា​ដើម្បី​ឲ្យ​សភា​គ្រប់ទឹក ។​
​ករណី​លោក មា​ជ សុវណ្ណ​រ៉ា មិនមែន​ទើបតែ​កើតមាន​នៅពេលនេះ​ទេ ពោលគឺ​ត្រូវបាន​អាជ្ញាធរ​ចោទប្រកាន់​ជាមួយគ្នា​នឹង​ក្រុមតំណាងរាស្ត្រ ជាប់ឆ្នោត នៃ​គណបក្ស​សង្គ្រោះ​ជាតិ​៧​រូប​ទៀត នៅពេល​ពួកគេ​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ ។ ប៉ុន្តែ​ពេលនោះ​អាជ្ញាធរ​មិន​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា ទេ ដោយ​អ្នកវិភាគ​យល់ថា ករណីនេះ​គណបក្ស​ប្រជាជន​កម្ពុជា​ទុក “​ជា​នុយ​” សម្រាប់​ស្ទូច​នៅពេល​ក្រោយ ពីព្រោះ​ពេលនោះ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​សភា​ទៅតាម​ការចង់បាន​រប​ស់​គណបក្សកាន់អំណាច​ហើយ ។​

ហេតុអ្វី​បានជា​រដ្ឋាភិបាល​ទើប​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា នៅពេលនេះ​?
​អ្នកវិភាគ​យល់ថា ការចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​នៅពេលនេះ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួលយក​លក្ខខណ្ឌ​រប​ស់​គណបក្ស ប្រជាជន​កម្ពុជា ក្នុងការ​កំណត់​សញ្ជាតិ​របស់​សមាជិក គ​.​ជ​.​ប ថ្មី​។​

ប៉ុន្តែ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ អះអាងថា បើទោះជា​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​យុទ្ធសាស្ត្រ​ចាប់ខ្លួន​លោក មា​ជ សុវណ្ណ​រ៉ា បង្ខំ​ឲ្យ​គណបក្សប្រឆាំង​ព្រម​ទទួលយក​អ្វីដែល​គណបក្សកាន់អំណាច​ចង់បាន ក្នុង គ​.​ជ​.​ប ក៏ដោយ តែ​លើក​នេះ​មិនអាច​ទៅរួច​នោះទេ ។​

ចំណែក​លោក​បណ្ឌិត សុខ ទូច អ្នកវិភាគ​នយោបាយ​យល់ថា គណបក្ស​ប្រជាជន​កម្ពុជា ប្រើ​យុទ្ធសាស្ត្រ​ទៅតាម​កាលៈទេស ។ លោ​កថា​កាលពី​ឆ្នាំ​១៩៨៥ គណបក្ស​ប្រជាជន​កម្ពុជា បាន​វាយ​នៅតាម​ព្រំដែន​ទាំង​១៨ នៃ​ជម្លោះ​ជាមួយ​ខ្មែរក្រហម រួច​ចរចា​ទៅបាន​ជោគជ័យ ។ ប៉ុន្តែ​ក្រោយ​សង្គ្រាម​ចប់ គណបក្ស​នេះ​ប្រើ​រូបមន្ត​បង្រួបបង្រួម ហើយ​រួច​វាយ​បំបែក​វិញ ដូចជា​ករណី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាដើម ។​
​រីឯ​បច្ចុប្បន្នេះ លោក សុខ ទូច កត់សំគាល់ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ងាក​ទៅប្រើ​យុទ្ធសាស្ត្រ​ចាស់​វិញ គឺ​វាយ​ហើយ​បាន​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ក្រោយ ។ លោក​ថា « អ៊ីចឹង​រូបមន្ត​ហ្នឹង វា​អាស្រ័យទៅលើ​តួអង្គ​ទី​២ ។ តើ​តួអង្គ​ទី​២​មាន​កម្លាំង​ប៉ុន្មាន​? កម្លាំង​ចែកចេញ​ពី​៤ ។ ទី​១- កម្លាំង​គាំទ្រ ទី​២- កម្លាំង​ថវិកា ហិរញ្ញវត្ថុ ទី​៣- កម្លាំង​និទស្សន៍ ហៅថា បញ្ញា​វ័​ន្ត​ក្នុង​យុទ្ធសាស្ត្រ​នយោបាយ​ហ្នឹង ។

ចំណុច​ទី​៤ គឺ​កម្លាំង​គាំទ្រ​របស់​អន្តរជាតិ​កម្រិតណា​?  ហើយ​ប្រសិនបើ​កម្លាំង​៤​ហ្នឹង​អត់​បាន​វាស់​ស្ទង់​ទេ ភាពជោគជ័យ​របស់​គ​ណ​បក្ស​ប្រជាជន​នឹង​បន្តទៀត អា​វាយ​ហើយ​ចរចា​ហ្នឹង ។ ប៉ុន្តែ​កន្លងមក​ហាក់ដូចជា លំបាក​ដោយសា​តែ​ខាង​ពួក​ប​ច្ចឹ​ម​ប្រទេស តែងតែ​ជួយ​គណបក្សប្រឆាំង ថា​ទាល់តែ​អ្នកឯង​ត្រូវ​គ្នា បាន​ផ្តល់ជំនួយ ធ្វើ​ឲ្យ​ចុះសម្រុង​គ្នាច្រើន​» ។​

ដោយឡែក អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី យល់ថា​យុទ្ធសាស្ត្រ​ចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា អាច​ទទួលបាន​ជោគជ័យ​ក្នុង​រយៈ​ខ្លី តែ​បរាជ័យ​ក្នុង​រយៈពេល​វែង ។ លោក​លើក​ឧទាហរណ៍​ជាក់ស្តែង​នៃ​ការចែក​សា​រ៉ុង ប៊ី​ចែង ដើម្បី​បាន​សន្លឹកឆ្នោត​គឺ​បាន​ជោគជ័យ​តែមួយ​រយៈ​ប៉ុណ្ណោះ ខណៈ​ប្រជាជន​មិនទាន់មាន​ការយល់ដឹង ប៉ុន្តែ​នៅពេល​បោះឆ្នោត​ឆ្នាំ​២០១៣ យុទ្ធសាស្ត្រ​នេះ ត្រូវបាន​បរាជ័យ ដោយសារ​ពលរដ្ឋ​មានការ​យល់ដឹង​ច្រើនជាង​មុន ។​

សម្រាប់​ករណី​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ដើម្បី​ដាក់​សម្ពាធ​លើ ការចរចា លោក មាស នី យល់ថា​យុទ្ធសាស្ត្រ​នេះ​អាច​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ ប៉ុន្តែ​នឹង​បាត់​សន្លឹកឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​កាន់តែច្រើន​នៅ អាណត្តិ​ក្រោយ ៕ VOD
Untitled-1