ផ្លូរីដា៖ហេតុការណ៍បាញ់ប្រហារក្លឹបរាត្រីរបស់ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានៅក្នុងទីក្រុង អូឡាន់ដូ រដ្ឋផ្លូរីដា ភាគខាងត្បូងសហរដ្ឋអាមេរិកបណ្តាលឲ្យមនុស្សស្លាប់៥០នាក់ និង៥៣នាក់ទៀតរងរបួស ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC។
ខ្មាន់កាំភ្លើងម្នាក់ បានកាន់កាំភ្លើងវែងរ៉ាហ្វាល់ បាញ់រះក្នុងក្លឹបពេលមនុស្សជាច្រើនកំពុងរាំកម្សាន្តនៅប្រហែលម៉ោង០២យប់ម្សិលមិញ ខណៈដែលនៅនឹងខ្លួនរបស់ជនដៃដល់ម្នាក់នោះ មានឧបករណ៍ម្យ៉ាងទៀត ដែលគេមិនអាចសន្និដ្ឋានបានជាអ្វី ប៉ុន្តែសង្ស័យថាជាគ្រាប់បែក។
អភិបាលក្រុងអូឡាន់ដូ លោក Buddy Dyer បានថ្លែងឲ្យដឹងថា ចំនួនមនុស្សស្លាប់ពេលនេះមាន រហូតដល់ ៥០នាក់ហើយ និង ជាង៥០នាក់ទៀតរងរបួស បន្ទាប់ពីក្លឹបកម្សាន្តឈ្មោះថា Pulse រងការវាយប្រហារដោយខ្មាន់កាំភ្លើងម្នាក់ កាលពីវេលាម៉ោង ២ និង០២ នាទីយប់ថ្ងៃសៅរ៍ ស្ថិតនៅជាយក្រុងភាគខាងត្បូង។ បន្ទាប់ពីការចាប់មនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង ទើបប៉ូលិស សម្រេចសម្រុកចូលក្លឹបនោះតែម្តងនៅវេលាម៉ោង ៥ និង០០នាទីព្រឹក។
បច្ចុប្បន្ន មនុស្ស ៤២នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយដោយឡែកមនុស្ស ៣០នាក់ទៀត ត្រូវបានសង្គ្រោះចេញពីក្លឹបដោយសុវត្ថិភាព៕