ការសម្លាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​សហរដ្ឋអាមេរិក​មានកា​រ​កើនឡើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2016 ក+ ក-

​អាមេរិក​៖​សកម្មជន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចំនួន​នៃ​ការសម្លាប់​ស្រី​ស្រឡាញ់​ស្រី មនុស្ស​ភេទ​ទី​បី និង​អ្នក​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​បាន​កើនឡើង​២០​ភាគរយ​នៅក្នុង​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​។ ពួក​សកម្មជន​បាន​បញ្ចេញ​ការរកឃើញ​របស់​ពួកគេ​មួយថ្ងៃ​បន្ទាប់ពី​ការបាញ់ប្រហារ​ដ៏​ធំ​មួយ​នៅ​ក្លិប​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​រដ្ឋ Florida ដោយបាន​បណ្តាល​ឲ្យ​មនុស្ស​៤៩​នាក់​ស្លាប់​។​
​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមចម្រុះ​ជាតិ​នៃ​កម្មវិធី​ប្រឆាំង​អំពើហិង្សា (NCAVP) បាន​ឲ្យ​ដឹងថា អំពើហិង្សា​នៅក្នុង​ឆ្នាំ​២០១៥​គឺ​ខ្ពស់បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ ក្រុម​នេះ​បាន​និយាយថា ស្រី​ស្រឡាញ់​ស្រី មនុស្ស​ភេទ​ទី​បី និង​អ្នក​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា (LGBTQ) ព្រមទាំង​មនុស្ស​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ត្រូវបាន​គេ​សម្លាប់​នៅក្នុង​សហរដ្ឋអាមេរិក​ដែល​កើនឡើង ២០​ភាគរយ​គិត​ចាប់ពី​ឆ្នាំ ២០១៤ ។​
​ក្រុម​តស៊ូ​មតិ​នេះ​បាន​បញ្ចេញ​ការរកឃើញ​របស់ខ្លួន​មួយថ្ងៃ​បន្ទាប់ពី​ការបាញ់ប្រហារ​នៅ​ទីក្រុង Orlando រដ្ឋ Florida ដែលជា​ការសម្លាប់​រង្គាល​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក​។​
​លោក Beverly Tillery ប្រធាន​គម្រោង​ប្រឆាំង​អំពើ​ហឹ​ង្សា​នៅ​ទីក្រុង​ញូវយ៉ក​ដែល​បាន​សំរបសំរួល​ជាមួយ NCAVP បាន​អំពាវនាវ​ឲ្យ​មានការ​ពិភាក្សា​ជា​សាធារណៈ​លើ​មនុស្ស LGBTQ និង​អំពើហិង្សា​។​
​របាយការណ៍​បាន​ឲ្យ​ដឹងថា​នៅ នៅក្នុង​រដ្ឋ​សហរដ្ឋអាមេរិក​ចំនួន​១១ មាន​អំពើហិង្សា​ប្រឆាំងនឹង​មនុស្ស LGBTQ និង​អ្នក​ដែលមាន​ផ្ទុកមេរោគ​អេដស៍​ចំនួន​១.២៥៣​ករណី​នៅក្នុង​ឆ្នាំ​២០១៥ ដែល​នេះ​ជាការ​ធ្លាក់ចុះ​៨​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤៕

1021