ប្រទះឃើញ​ជន​ចំណាកស្រុក​៣៤​នាក់ និង​កុមារ​២០​នាក់​ស្លាប់​នៅ​វាល​ខ្សាច់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

នី​ហ្សេ​រ​៖​អាជ្ញាធរ​របស់​ប្រទេស​នី​ហ្សេ​រ បាន​និយាយថា សព​ជន​ចំណាកស្រុក​ចំនួន​៣៤​នាក់​ដោយ​ក្នុងនោះ​មាន​ទាំង​កុមារ​២០​នាក់​ដែល​ត្រូវបាន​បោះបង់ចោល​ដោយ​អ្នករត់ពន្ធ​មនុស្ស​ខណៈពេល​ព្យាយាម​ឈានទៅដល់​ប្រទេសជិតខាង​អាល់​ហ្សេ​រី​ត្រូវបាន​គេ​ប្រទះឃើញ​ក្នុង​វាល​ខ្សាច់​នី​ហ្សេ​រ​កាលពី​សប្តាហ៍​មុន​។​
​ក្រសួងមហាផ្ទៃ​នី​ហ្សេ​របា​ន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មនុស្ស​សាមសិប​បួន​នាក់​រួមមាន​បុរស​ប្រាំ​នាក់ ស្ត្រី​ប្រាំបួន​នាក់​និង​កុមារ​២០​នាក់​បាន​ស្លាប់​ខណៈ​ព្យាយាម​ឆ្លងកាត់​វាល​រហោស្ថាន​”​។​
​ប្រភព​សន្តិសុខ​មួយ​បាន​ប្រាប់ AFP ថា “​ពួកគេ​ប្រហែលជា​ស្លាប់​ដោយសារ​ស្រែក​ទឹក​ព្រោះ​ករណីនេះ​កើតឡើង​ញឹកញាប់​ណាស់​ហើយ​ពួកគេ​ត្រូវបាន​គេ​ប្រទះឃើញ​ជិត​តំបន់ Assamaka​ដែល​ស្ថិតនៅ​ព្រំដែន​រវាង​ប្រទេស​នី​ហ្សេ​រ​និង​អាល់​ហ្សេ​រី​”​។​
​សីតុណ្ហភាព​នៅ​តំបន់​នេះ​អាច​នឹង​ឡើងដល់​ទៅ​៤២​អង្សា​សេ​ខណៈដែល​ព្យុះ​ខ្សាច់​តែងតែ​កើត​មាននៅ​ទូទាំង​វាល​រហោស្ថាន​។​
​ជន​ចំណាកស្រុក​ខុសច្បាប់​រាប់ពាន់នាក់​បាន​មកដល់​ប្រទេស​អាល់​ហ្សេ​រី​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដែល​ភាគច្រើន​គឺ​មកពី​ប្រទេសជិតខាង​ម៉ាលី​និង​នី​ហ្សេ​រ​។​
​មនុស្ស​មួយចំនួន​បាន​ឆ្លងកាត់​តាមរយៈ​ប្រទេស​អាល់​ហ្សេ​រី​ទៅកាន់​អឺរ៉ុប​ប៉ុន្តែ​ជន​ចំណាកស្រុក​ជាង​៧.០០០​នាក់​មកពី​ប្រទេស​នី​ហ្សេ​រ​ដែល​ភាគច្រើន​ជា​ស្ត្រី​និង​កុមារ​នោះបាន​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ក្នុង​ឆ្នាំ​២០១៥​ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ប្រទេស​ទាំងពីរ​៕

African-Illegal-Migrants-Dead-Sahara-Desert