ប៉េកាំង៖សារព័ត៌មានស៊ិនហួចេញផ្សាយនៅព្រឹកថ្ងៃនេះថា អ្នកនេសាទចិនមួយចំនួនរងរបួសបន្ទាប់អាជ្ញាធរដែនសមុទ្រឥណ្ឌូណេស៊ីបាញ់ប្រហារមកលើទូកនេសាទរបស់ពួកគេដោយចោទប្រកាន់ថាចូលមកនេសាទក្នុងដែនសមុទ្រដោយខុសច្បាប់។
ក្រសួងការបរទេសចិន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទនេះដោយបញ្ជាក់ពីជំហររបស់ រដ្ឋាភិបាលចិន ដែលមិនសុខចិត្តនោះឡើយ ចំពោះយោធាឥណ្ឌូណេស៊ី ដែលបានប្រើប្រាស់អាវុធ បំពានទាំងកម្រោល មកលើអ្នកនេសាទរបស់ខ្លួន។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ Hua Chunying បានបញ្ជាក់ដូច្នេះថា «ចិន សូមជំទាស់យ៉ាងដាច់ខាត ចំពោះការប្រើប្រាស់អាវុធ មកលើទូកនេសាទនានា ដោយគ្រាន់តែជាជម្លោះរឿងនេសាទ នោះ។ ជាក់ស្តែងហេតុការណ៍ បានកើតឡើងនៅលើដែនទឹក ដែលចិនតែងតែធ្វើការនេសាទតាំងពីបុរាណ»។
គួរបញ្ជាក់ថា ក្រសួងការបរទេសចិនបានថ្លែងសារព្រមានមកកាន់ឥណ្ឌូណេស៊ី ឲ្យឈប់បង្កហេតុដូច្នេះទៀត ពីព្រោះថាវានឹងអាចបង្កឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអាក្រក់៕