អាមេរិក៖បុរសម្នាក់ត្រូវបានចោទប្រកាន់ពីបទព្យាយាមដណ្តើមយកកាំភ្លើងពីមន្ត្រីប៉ូលិសម្នាក់នៅកន្លែងជួបជុំអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ នៅទីក្រុងឡាសវេហ្គាសដើម្បីសម្លាប់ លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីអាមេរិក។
បុរសនេះឈ្មោះ ម៉ៃឃើល សេនហ្វត (Michael Sandford) អាយុ១៩ឆ្នាំបានព្យាយាមដកយកកាំភ្លើងពីមន្ត្រីប៉ូលិសនៅកន្លែងជួបជុំរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៨ខែមិថុនានៅទីក្រុងនេះនៅមុនពេលបុរសនេះត្រូវបានចាប់ខ្លួន។ នេះបើយោងតាមតុលាការនៅរដ្ឋនេវ៉ាដា។
បន្ទាប់ពីត្រូវបានចាប់ខ្លួននោះ បុរសនេះបាននិយាយប្រាប់មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាក់ថា គាត់បានបើកឡានពីរដ្ឋកាលីហ្វ័រញ៉ា ទៅទីក្រុងឡាសវេហ្គាសដើម្បីសម្លាប់លោក ដូណាល់ ត្រាំ។
ក្រុមមន្ត្រីមិនបានបញ្ជាក់អំពីសញ្ជាតិរបស់បុរសនេះទេ ដោយគ្រាន់តែនិយាយថា គាត់បានប្រាប់ក្រុមអ្នកស៊ើបអង្កេតថា គាត់បាននៅសហរដ្ឋអាមេរិកអស់រយៈពេលជិត១៨ខែមកហើយៗថា គាត់បានរស់នៅទីក្រុងបូបូខេន (Hoboken) ក្នុងរដ្ឋញូវជើស៊ី មុនពេលធ្វើដំណើរទៅរដ្ឋកាលីហ្វ័រញ៉ា៕